.jpg?1672909481)
ភ្នំពេញ៖ តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនចំនួន៣ដែលមានទុនវិនិយោគសរុបចំនួន១៦លានដុល្លារ ដើម្បីវិនិយោគលើគម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ហើយអាចបង្កើតឱកាសការងារបានរាប់ពាន់កន្លែង។ នេះបើតាមសេចក្ដីប្រកាសរបស់ CDC នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៣។
បើតាមសេចក្ដីប្រកាស ក្រុមហ៊ុនទាំងនោះមានដូចជា៖ ក្រុមហ៊ុម “WINDARA INTERNATIONAL CO., LTD” គម្រោងបង្កើតរោងចក្រផលិតកាបូបស្ពាយពីក្រោយ កាបូបដំណេក តង់ កាត់ដេរសម្លៀកបំពាក់ និងកម្រាលក្រាលដេក ដែលមានទីតាំងវិនិយោគស្ថិតនៅអគារ C ភូមិល្វា ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,៤លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ២.៧១៤កន្លែង។
ក្រុមហ៊ុន “YUE WING CHEONG MANUFACTORY CO., LTD” គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិម្កាក់ ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,៤លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៧៣៨កន្លែង។
ក្រុមហ៊ុន “XIN SHUN JIE (CAMBODIA) LEATHER CO., LTD” គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ និងកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិក្របីត្រាំ ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,២លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.១៣៣កន្លែង៕



