អាម៉េរិក៖ អតីតអគ្គលេខាធិការអង្គការណាតូ លោក Anders Fogh Rasmussen បានទៅដល់កោះតៃវ៉ាន់កាលពីថ្ងៃអង្គារ ជាកន្លែងដែលលោកនឹងជួបជាមួយប្រធានាធិបតីតៃវ៉ាន់ គឺលោកស្រី Tsai Ing-wen ។ ដំណើរទស្សនកិច្ចនេះធ្វើឡើងចំពេលមានជម្លោះរវាងទីក្រុងប៉េកាំងនិងក្រុងវ៉ាស៊ីនតោនដែលបានចោទប្រកាន់គ្នាទៅវិញទៅមកពីការបង្កភាពតានតឹងក្នុងតំបន់។
លោក Rasmussen អតីតនាយករដ្ឋមន្ត្រីដាណឺម៉ាកដែលបានដឹកនាំអង្គការណាតូរវាងឆ្នាំ ២០០៩ និង ២០១៤ ត្រូវបានស្វាគមន៍នៅពេលមកដល់ដោយលោក Vincent Yao មន្ត្រីកំពូលរបស់តៃប៉ិទទួលបន្ទុកកិច្ចការអឺរ៉ុប។
ទីក្រុងប៉េកាំងចាត់ទុកតៃវ៉ាន់ដែលមានរដ្ឋាភិបាលដាច់ដោយឡែកពីគ្នាតាំងពីចុងទសវត្សរ៍ឆ្នាំ ១៩៤០ ជាផ្នែកនៃទឹកដីរបស់ខ្លួន និងប្រឆាំងយ៉ាងខ្លាំងចំពោះគ្រប់ទម្រង់នៃការទទួលស្គាល់ការទូតរបស់តៃប៉ិ។
កាលពីខែសីហា ប្រទេសចិនបានតវ៉ាជុំវិញដំណើរទស្សនកិច្ចរបស់មេដឹកនាំសភាតំណាងសហរដ្ឋអាម៉េរិកលោកស្រី Nancy Pelosi ទៅកាន់កោះតៃវ៉ាន់ ហើយបានឆ្លើយតបដោយការបើកសមយុទ្ធយោធារួមគ្នានៅជុំវិញកោះនេះ។ ផ្ទុយទៅវិញ រដ្ឋាភិបាលអាម៉េរិក និងតៃវ៉ាន់បានចោទប្រកាន់ក្រុងប៉េកាំងពីអាកប្បកិរិយាបង្ខិតបង្ខំក្នុងការបង្កជម្លោះកាលពីកន្លងទៅ។
កាលពីថ្ងៃសុក្រសប្តាហ៍មុន អាម៉េរិក និងចិនបានចោទប្រកាន់គ្នាទៅវិញទៅមកពីការធ្វើសមយុទ្ធដោយមិនប្រុងប្រយ័ត្ននៅសមុទ្រចិនខាងត្បូង។ ទីបញ្ជាការឥណ្ឌូប៉ាស៊ីហ្វិករបស់សហរដ្ឋអាម៉េរិកបានរាយការណ៍ថាយន្តហោះចម្បាំង J-11 របស់ចិនបានហោះហើរយ៉ាងគ្រោះថ្នាក់នៅជិតយន្តហោះឈ្លបយកការណ៍ RC-135 របស់ខ្លួន។ ចំណែកទីក្រុងប៉េកាំងវិញបានអះអាងថា យន្តហោះអាម៉េរិកជាអ្នកទទួលខុសត្រូវចំពោះឧបទ្ទវហេតុនេះ។
នៅក្នុងបទសម្ភាសន៍ជាមួយទស្សនាវដ្ដី Newsweek ក្នុងខែតុលា អតីតប្រធានអង្គការណាតូបានស្នើថា "ការវាយប្រហាររបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែនបានពន្យារពេលពេលវេលានៃការវាយប្រហាររបស់ចិនលើកោះតៃវ៉ាន់" ។ ប្រទេសចិនបាននិយាយម្តងហើយម្តងទៀតថាខ្លួនចង់បាន "ការបង្រួបបង្រួមដោយសន្តិភាព" ជាមួយតៃវ៉ាន់ ប៉ុន្តែបានព្រមានថាខ្លួននៅតែរក្សា "ជម្រើសផ្សេងទៀត" ប្រសិនបើតៃវ៉ាន់ហានប្រកាសឯករាជ្យ៕