ភ្នំពេញ៖ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ គឺជាស្ពានដែលមានប្រវែងវែងជាងគេនៅកម្ពុជា ហើយជាស្ពានទី១១ ដែលជាកម្ចីសម្បទានពីរដ្ឋាភិបាលប្រជាមានិតចិនចំនួន ១១៤លានដុល្លារ។គម្រោងនេះ នឹងតភ្ជាប់ទំនាក់ទំនង និង ក្តីសង្ឃឹមរវាងប្រជាពលរដ្ឋ រួមទាំងតភ្ជាប់តំបន់ដាច់ស្រយាលនៅភូមិភាគឦសានមកកាន់ទីប្រជុំជនផងដែរ។
យោងតាមរបាយការណ៍ពីក្រសួងសាធារណការ និង ដឹកជញ្ជូន នាថ្ងៃទី០២ មករា ២០២៣ បានគូសបញ្ជាក់ថា គម្រោងសាងសង់ស្ពានឆ្លងទន្លេមេគង្គប្រវែង ១៧៦១ម៉ែត្រ ពីស្រុកចិត្របុរី ទៅស្រុកព្រែកប្រសព្វ ក្នុងខេត្តក្រចេះ និង ផ្លូវតភ្ជាប់ប្រវែងសរុប ៣១,៦៩ គីឡូម៉ែត្រ ។
រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកគម្រោងនេះ ជាចំណងដៃជូនប្រជាជនខេត្តក្រចេះដើម្បីបង្កលក្ខណៈកាន់តែងាយស្រួលក្នុងការធ្វើដំណើរឆ្លងកាត់ពីតំបន់មួយទៅតំបន់មួយ, ចំណេញពេលវេលា, គ្មានការចំណាយ, និងសុវត្ថិភាព។
សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានមានប្រសាសន៍ថា ការសាងសង់ស្ពាន និងផ្លូវតភ្ជាប់នេះ នឹងជួយជំរុញតំបន់ភូមិភាគឦសានរបស់កម្ពុជាឱ្យកាន់តែមានភាពរីកចម្រើន និងជួយកាត់បន្ថយភាពក្រីក្រ ក៏ដូចជាកាត់បន្ថយគម្លាតអភិវឌ្ឍន៍ក្នុងតំបន់ឱ្យបានកាន់តែល្អប្រសើរថែមទៀត។
បើតាមសម្តេច ហ៊ុន សែន ក្រោយពីការសាងសង់រួច ស្ពាន និងផ្លូវតភ្ជាប់នេះនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្រួលដល់ប្រជាពលរដ្ឋធ្វើដំណើរទៅប្រកបមុខរបរប្រចាំថ្ងៃ និង ជួយ ជំរុញការរីកចម្រើនក្នុងតំបន់ដែលមានសក្តានុពលខាងកសិកម្ម និង កសិឧស្សាហកម្ម ជាពិសេសតំបន់ដាច់ស្រយាលនៅភូមិភាគឦសានដែលអាចតភ្ជាប់មកកាន់ទីប្រជុំជន។
គួរបញ្ជាក់ថា ស្ពានឆ្លងទន្លេមេគង្គខេត្តក្រចេះ ប្រើប្រាស់រយៈពេលសាងសង់ចំនួន ៤២ខែ នឹងបញ្ចប់នៅក្នុងឆ្នាំ២០២៦ គ្រោងចំណាយថវិកាសរុបប្រមាណជាង ១១៤លានដុល្លារអាមេរិក ដែលជាឥណទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា៕