
ភ្នំពេញ៖ ក្រុមហ៊ុន WOWNOW បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រុមហ៊ុនអ៊ី អេហ្វ ជី (អិចប្រេស ហ្វូដ គ្រុប) EFG (Express Food Group) Co. Ltd. នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ ក្នុងគោលបំណងផ្ដល់ភាពងាយស្រួល និងផ្ដល់មុខម្ហូបអាហារ ភេសជ្ជៈជាច្រើនមុខ ជូនដល់អតិថិជនរបស់ក្រុមហ៊ុនទាំងពីរ។ ការសហការរវាងក្រុមហ៊ុនទាំងពីរនេះ នឹងកាន់តែធ្វើឱ្យអតិថិជន មានភាពងាយស្រួល ទាន់សម័យ លឿនរហ័ស និងសុវត្ថិភាព ទាំងសេវាកម្មដឹកជញ្ជូន លើការកម្មង់អាហារ ឬភេសជ្ជៈ និងការទូទាត់ប្រាក់ជាដើម។
កម្មវិធីនេះត្រូវបានចុះហត្ថលេខារវាងលោក Zheng Shunwen នាយកគ្រប់គ្រងទូទៅក្រុមហ៊ុន WOWNOW FOOD DELIVERY ជាមួយ លោក Sai Kiran Singanamala ប្រធានផ្នែកនវានុវត្តន៍នៃក្រុមហ៊ុន EFG និងមានការចូលរួមពីសមាជិកជាច្រើនរូបទៀតនៃក្រុមហ៊ុនទាំងពីរ។ នាឱកាសនេះ ក្រុមហ៊ុនទាំងពីរបានអនុញ្ញាតឱ្យម៉ាកយីហោចំនួន៥ដំណើរការនៅក្នុងកម្មវិធីទូរស័ព្ទរបស់ក្រុមហ៊ុន WOWNOW រួមមាន៖ Krispy Kreme, Eat Together, Bay Phum, So Bento, និង Nham Bay ហើយម៉ាកយីហោរបស់ក្រុមហ៊ុនចំណីអាហារ EFG ដែលនឹងត្រូវចុះកិច្ចសន្យាសម្រាប់ដាក់ឱ្យដំណើរការក្នុងកម្មវិធីទូរស័ព្ទដៃរបស់ក្រុមWOWNOW រួមមាន៖ The Pizza Company, Swensen’s, The Coffee Club, Dairy Queen, Bar-B-Q Plaza, Texas Chicken, Krispy Kreme, Boost Juice, Kamu Kamu ។

លោកស្រី Jasper តំណាងក្រុមហ៊ុន WOWNOW បានឱ្យដឹងថា ចំណុចសំខាន់ដែលធ្វើឱ្យក្រុមហ៊ុនទាំងពីរសម្រេចសហការជាមួយគ្នា ព្រោះក្រុមហ៊ុន អ៊ី អេហ្វ ជី គឺជាដៃគូនៃជម្រើសសម្រាប់ម៉ាកយីហោអាហារ និងភេសជ្ជៈឈានមុខគេនៅអាស៊ីអាគ្នេយ៍ និងម៉ាកយីហោល្បីៗ ដែលជាក្រុមហ៊ុនមួយស័ក្ដិសមក្នុងការផ្ដល់ជម្រើសច្រើនបែបជូនអតិថិជនទាំងម្ហូបអាហារ ភេសជ្ជៈ តាមរយៈការបញ្ជាទិញលើកម្មវិធីទូរស័ព្ទដៃរបស់ក្រុមហ៊ុន WOWNOW ។
លោក Sai Kiran Singanamala ក៏បានលើកឡើងថា ក្រុមហ៊ុន WOWNOW គឺពិតជាក្រុមហ៊ុនដែលមានសក្ដានុពលលើការផ្គត់ផ្គង់សេវាកម្មជាច្រើនប្រភេទជូនអតិថិជន និងឈានមុខគេនៅក្នុងប្រទេសកម្ពុជា ហើយជាពិសេសនឹងធ្វើឱ្យម៉ាកយីហោអាហារ និងភេសជ្ជៈល្បីរបស់ក្រុមហ៊ុនចំណីអាហារ EFG ដែលមានម៉ាកយីហោ The Pizza Company, Swensen’s, Dairy Queen, Krispy Kreme, Bar B Q Plaza, The Coffee Club និងមួយចំនួនទៀត កាន់តែទទួលបានការចាប់អារម្មណ៍ពីអតិថិជន។

គួរបញ្ជាក់ថា ក្រុមហ៊ុន អ៊ី អេហ្វ ជី (អិចប្រេស ហ្វូដ គ្រុប) EFG (Express Food Group) Co. Ltd. មានទីស្នាក់ការកណ្តាលនៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា ហើយក្រុមហ៊ុន EFG Group មានបុគ្គលិកជាង ១,៥០០នាក់ និងមានប្រតិបត្តិការនៅក្នុងប្រទេសចំនួន ៣គឺកម្ពុជា មីយ៉ាន់ម៉ា និងឡាវ។ ក្រុមហ៊ុន EFG គឺជាដៃគូនៃជម្រើសសម្រាប់ម៉ាកយីហោអាហារ និងភេសជ្ជៈឈានមុខគេនៅអាស៊ីអាគ្នេយ៍ រួមមាន Minor Food International & Food Passion Group - និងសម្រាប់ម៉ាកយីហោអាមេរិកខាងជើង - International Dairy Queen, Krispy Kreme និង Texas (Church's) Chicken ដែល ក្រុមហ៊ុន EFG ជាអ្នកទទួលបានសិទ្ធិផ្តាច់មុខសម្រាប់ប្រទេសឡាវ។

អំពីក្រុមហ៊ុន WOWNOW SUPER APP: WOWNOW គឺជាកម្មវិធី SUPER APP ដ៏ធំបំផុតនៅក្នុងប្រទេសកម្ពុជា ដែលផ្តល់នូវសេវាកម្មជាច្រើនដូចជា កម្មង់អាហារ ខ្មែរ TaoBao សេវាកម្មផ្គត់ផ្គង់ការទិញទំនិញតាមអ៊ីនធើណេត សេវាកម្មទូទាត់ប្រាក់ ត្រាវែល សេវាកម្មកក់កន្លែង ទិញសម្ភារក្នុងហ្គេម និងបញ្ចូលកាតទូរស័ព្ទ ដើម្បីសម្រួលដល់ការរស់នៅប្រចាំថ្ងៃ ចាប់តាំងពីឆ្នាំ ២០២០ សម្រាប់ប្រជាជនដែលរស់នៅក្នុងប្រទេសកម្ពុជា។ គុណតម្លៃនៃក្រុមហ៊ុន គឺសំដៅដល់ការបម្រើសេវាកម្មសម្រួលដល់ការរស់នៅប្រចាំថ្ងៃដល់អ្នកប្រើប្រាស់ជាង ៩១០,០០០ នាក់ ដោយមិនមែនត្រឹមតែជួយឱ្យគ្រប់គ្នាអាចពិសារអាហារឆ្ងាញ់ៗតែប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយសម្រួលដល់ការទិញទំនិញតាមអនឡាញជាមួយនឹងភាពងាយស្រួលផងដែរ ។
អតិថិជនគ្រប់គ្នានឹងរីករាយជាមួយការជ្រើសរើសអាហារ និងភេសជ្ជៈដ៏ច្រើនសម្បូរបែប ជាមួយនឹងភោជនីយដ្ឋានច្រើនជាង ១៦,០០០ ជាមួយនឹងសេវាកម្មដឹកជញ្ជូនរហ័ស ២៤/៧។ អ្វីដែលពិសេសជាងនេះទៅទៀត អតិថិជនអាចទិញទំនិញតាមអនឡាញពីក្នុង និងក្រៅប្រទេស ដែលមានដៃគូផ្គត់ផ្គង់ជាង ១០០,០០០ ហាង និងផលិតផលច្រើនជាង ២០ លានមុខផងដែរ ដែលនឹងដឹកជញ្ជូនដល់អាសយដ្ឋានរបស់អតិថិជនទូទាំងប្រទេសដោយផ្ទាល់ និងសុវត្ថិភាពជាទីបំផុត៕
