
កំពត៖ សម្តេច ហ៊ុន សែន បានបញ្ជាក់ថា នៅឆ្នាំ២០២២នេះ ទំហំពាណិជ្ជកម្មរវាង កម្ពុជា-ចិន នឹងមានរហូតទៅដល់១៤ ៥០០លានដុល្លារ ដែលមានកំណើនរហូតដល់ ១៩ភាគរយ។ សម្តេចថ្លែងបែបនេះ ក្នុងពិធីបើកការដ្ឋានស្តារ និងលើកកម្រិតគុណភាពផ្លូវពីរខ្សែទៀត ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពត និងខេត្តកែប ថ្ងៃទី៣០ធ្នូនេះ។
ក្នុងឱកាសនោះ សម្តេចក៏បានបង្ហាញនូវក្តីរំពឹងថា ការនាំចេញរបស់កម្ពុជា ទៅកាន់ប្រទេសចិន នឹងមានកំណើនកាន់តែច្រើនថែមទៀត តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ដែលបានចូលជាធរមាន កាលពីខែមករា ឆ្នាំ២០២២។
សម្តេច ហ៊ុន សែន បានមានប្រសាសន៍ថា ឆ្នាំនេះចំនួនតួលេខនៃទំហំពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ មានរហូតទៅដល់១៤ ៥០០លានដុល្លារ ដែលមានកំណើន រហូតដល់១៩ភាគរយ ហើយនៅពេលខាងមុខ សម្តេចជឿថា កម្ពុជានឹងមានសមត្ថភាព ដើម្បីនឹងនាំទំនិញចូលទៅកាន់ទីផ្សារចិនកាន់តែច្រើន តាមរយៈនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ដែលមិត្តចិនបានផ្តល់ភាពអនុគ្រោះ សម្រាប់ការនាំទំនិញរបស់កម្ពុជារហូត៩៧.៥៣% ដែលជាកម្រិតខ្ពស់បំផុត នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងចិន ជាមួយនឹងប្រទេសដទៃទៀត។
គួរបញ្ជាក់ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន បានចូលជាធរមានកាលពីខែមករា ឆ្នាំ២០២២ ដែលរហូតមកដល់ពេលនេះ មានរយៈពេល១ឆ្នាំហើយ តំណាលគ្នានឹងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP)៕
