ព្រះសីហនុ៖ នាវាទេសចរណ៍អន្តរជាតិមួយដែលមានឈ្មោះថា SEABOURN ENCORE នៅថ្ងៃទី២៩ ខែធ្នូនេះ បានដឹកនាំអ្នកដំណើរជាភ្ញៀវទេសចរប្រមាណជិត ៥០០នាក់ ចូលចតនៅកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ ដើម្បីដំណើរកម្សាន្ត។ ការចូលចតនេះ គឺទទួលបានស្វាគមន៍យ៉ាងកក់ក្តៅពីអភិបាលខេត្តព្រះសីហនុ។
យោងតាមរបស់ការពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានគូសបញ្ជាក់ថា នាវាទេសចរណ៍អន្តរជាតិនេះ បានដឹកភ្ញៀវទេសចរណ៍ចំរុះជាតិសាសន៌ចំនួន ៣៩៥នាក់ ស្រី ២០០នាក់មកទស្សនាប្រទេសកម្ពុជា រយៈពេល១ថ្ងៃ។នាវាឈ្មោះ SEABOURN ENCORE មានប្រវែងបណ្តោយ ២១០.៥០ម៉ែត្រ ប្រវែងទទឹង២៨ម៉ែ្រត ជម្រៅទឹក៦.៧ម៉ែត្រ មាននាវិកសរុបចំនួន ៤៣២ នាក់ ស្រី ៩៣នាក់។
បើតាមមន្ត្រីនាវា ភ្ញៀវទេសចរ បានចេញដំណើរមកពីប្រទេសថៃ ហើយចូលមកកម្ពុជា។ក្រោយមក ភ្ញៀវទេសចរទាំងនឹងចាកចេញទៅវិញឆ្ពោះទៅប្រទេសវៀតណាម។
គួរបញ្ជាក់ថា នេះជាលើកទី១ហើយឋដែលកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ ទទួលបាននាវាដឹកភ្ញៀវទេសចរចូលមក ក្នុងខេត្តបន្ទាប់ពីការអាក់ខានអស់រយៈពេល២ឆ្នាំ ដោយសារវិបត្តិនៃជំងឺកូវីដ-១៩។ក្រសួងទេសចរណ៍ បានចាត់ទុកការចូលចតរបស់នាវានេះ គឺជាឱកាសរបស់ប្រទេសកម្ពុជា សម្រាប់ទាក់ទាញភ្ញៀវទេសចរបន្ថែមទៀត។
សូមរំលឹកថា ភ្ញៀវទេសចរអន្តរជាតិដែលបានមកទស្សនាប្រទេសកម្ពុជា ក្នុងរយៈពេល១០ខែ ចាប់ពីខែមករាដល់ខែតុលា ឆ្នាំ២០២២ គឺមានចំនួនសរុប ១,៥៧៥,៩៥៤នាក់ កើនឡើង៩៩១.១ភាគរយ បើធៀបនឹងរយៈពេល១០ខែដូចគ្នានៃឆ្នាំ២០២១ ហើយក្នុងនោះ កម្ពុជាទទួលបានភ្ញៀវទេសចរជនជាតិថៃច្រើនជាងគេគឺចំនួនជាង៥៩ម៉ឺននាក់ (៥៩០,៩៨៤នាក់)។ រីឯភ្ញៀវទេសចរជាតិមានចំនួន ៩,៤៧១,០៣៤នាក់ កើនឡើង២០៩.៨ភាគរយ និងភ្ញៀវបរទេសផ្ទៃក្នុងចំនួន១,៣៨៤,៤៩៨នាក់ កើនឡើង៦១៦.៧ភាគ៕