681 ezgif.com resize
Swift cc time

ត្រីប្រហុកចាប់ផ្តើម«ត្រូវ»ពីថ្ងៃនេះដល់ថ្ងៃទី៣មករា២០២៣

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ ត្រីប្រហុកនឹងចាប់ផ្ដើម «ត្រូវ» ចាប់ពីថ្ងៃទី ២៩ ធ្នូនេះ រហូតដល់ថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣ នៅចំណុចគន្លងដាយត្រីតាមដងទន្លេសាប ក្នុងភូមិសាស្រ្តខេត្តកណ្ដាល និង រាជធានីភ្នំពេញ បើមេឃស្រឡះល្អ គ្មានភ្លៀងកក់ខែ ឬទទួលរងឥទ្ធិពលពីព្យុះ។ នេះបើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលជលផល នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២។

រដ្ឋបាលជលផល នៃក្រសួងកសិកម្ម បានពន្យល់ថា ក្នុងរដូវនេសាទឆ្នាំ២០២២-២០២៣ ត្រីចាប់ផ្តើមបន្លាស់ ទីចេញពីបឹងទន្លេសាប បឹង ស្ទឹង និងព្រែកនានា ចូលទន្លេសាប ទន្លេមេគង្គ និង ទន្លេបាសាក់ ដែលអំណោយ ផលដល់ការធ្វើនេសាទបានត្រីច្រើន ជាពិសេសគន្លងដាយត្រីតាមដងទន្លេសាប នៅក្នុងភូមិសាស្ត្រខេត្តកណ្តាល និងរាជធានីភ្នំពេញ។

បើតាមសេចក្តីជូនដំណឹង ចាប់ពីថ្ងៃនេះដល់ថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣ ក្នុងករណីមេឃស្រឡះល្អ គ្មានភ្លៀងកក់ខែ ឬមិនទទួលរងឥទ្ធិពលព្យុះភ្លៀង ត្រីប្រហុកនឹង«ត្រូវ»។ដូច្នេះ រដ្ឋបាលជលផល បានអំពាវនាវឱ្យពលរដ្ឋដែលមានបំណងធ្វើប្រហុក ផ្អក ឬត្រីឆ្អើរ សម្រាប់បរិភោគ រួសរាន់ទៅទិញត្រីនៅទីតាំងខាងលើ ហើយអាជ្ញាធរមូលដ្ឋាន ឬសមត្ថកិច្ចពាក់ព័ន្ធ ត្រូវជួយបង្កលក្ខណៈងាយស្រួលដល់ពលរដ្ឋបានធ្វើដំណើរ ស្នាក់នៅ និងដឹកជញ្ជូនផលិតផលត្រី«ត្រូវ»នេះដែរ។

គួរកត់សម្គាល់ថា ជារៀងរាល់ឆ្នាំមានពលរដ្ឋជាច្រើនមកពីខេត្តនានា បាននាំគ្នាមកទិញត្រី សម្រាប់ធ្វើប្រហុក ឬស្តុកទុកលក់ និងបរិភោគប្រចាំឆ្នាំ និងខ្លះទៀតផ្ញើទៅឲ្យសាច់ញាតិនៅឯស្រុក។ រដ្ឋបាលជលផល ធ្លាប់បានអះអាងថា បរិមាណត្រីមានសន្ទុះប្រហាក់ប្រហែលនឹងឆ្នាំកន្លងទៅ ប៉ុន្តែបើអាកាសធាតុមានការប្រែប្រួលនោះ បរិមាណត្រី«ត្រូវ»នឹងធ្លាក់ចុះវិញ៕

Khcct banner

អត្ថបទទាក់ទង