Yearendyearend1140x150

ក្រុមហ៊ុនយក្សចិនបោះទុន៣០០លានដុល្លារបង្កើតរោងចក្រផលិត«សំបកកង់រថយន្ត»ក្នុងខេត្តព្រះសីហនុ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
លោក Guozhong Tao អ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន ជេនេរ៉ល ថាយអឺរ ថេកណឡជី

ភ្នំពេញ៖ ក្រុមហ៊ុនយក្សដែលមានឈ្នោះបោះសំឡេងនៅក្នុងស្រុកចិន បានសម្រេចបោះទុនវិនិយោគក៏ច្រើនសន្ធឹកសន្ធាប់ប្រមាណជា ៣០០លានដុល្លារ ដើម្បីបង្កើតរោងចក្រផលិត«សំបកកង់រថយន្ត»ក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ។នៅពេលរោងចក្រដំណើរការពេញលេញក្រុមហ៊ុននេះ ត្រូវការប្រើប្រាស់វត្ថុធាតុដើមជ័រកៅស៊ូ ប្រមានជាង៣០០តោនក្នុងមួយថ្ងៃៗ និង អាចផលិតប្រភេទកង់ឡានធន់តូច៥លានកង់ និង កង់ឡានប្រភេទធន់ធំ ៩០ម៉ឺនកង់ ក្នុង១ឆ្នាំ។

ការបង្កើតរោងចក្រផលិត«សំបកកង់រថយន្ត»នេះ បានចាប់ផ្ដើមសាងសង់តាំងពីដើមឆ្នាំ២០២២ លើផ្ទៃដី ២៨ ហិកតា ដែលមានទីតាំងក្នុងតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ និងកំពុងតែរៀបចំបំពាក់នូវឧបករណ៍គ្រឿងម៉ាស៊ីនធំៗទំនើបៗជាបន្តបន្ទាប់ តាមស្តង់ដាបច្ចេកទេសរបស់ក្រុមហ៊ុន ដោយបំពាក់ម៉ាស៊ីន៥ជួរ ក្នុងនោះ៣ជួរជាម៉ាស៊ីនស្វ័យប្រវត្តមិនចាំបាច់ប្រើមនុស្ស និង ២ជួរផ្សេងទៀត នៅពេលរោងចក្រដំណើរការ និងប្រើប្រាស់កម្លាំងពលកម្មប្រមាណជាង១៦០០នាក់។

ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន ស៊ីស៊ីថាមស៍ លោក Guozhong Tao អ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន ជេនេរ៉ល ថាយអឺរ ថេកណឡជី( General Tires Technology) បានថ្លែងថា គម្រោងសាងសង់រោងចក្រអាចនឹងបញ្ចប់ការសាងសង់នៅក្នុងខែ៥ ឆ្នាំ២០២៣ ហើយអាចចាប់ផ្ដើមផលិតកង់ឡានបាន ដោយក្នុងរយៈពេល១ឆ្នាំអាចផលិតប្រភេទកង់ឡានធន់តូច ៥លានកង់ និង កង់ឡានប្រភេទធន់ធំ៩០ម៉ឺនកង់ក្នុង១ឆ្នាំ ហើយប្រើប្រាស់កម្លាំងកម្មករប្រហែលជា១៦០០នាក់ដែលភាគច្រើនជាកម្មករក្នុងស្រុក។

បើតាមលោក Guozhong Tao ក្រៅពីការប្រើប្រាស់កម្លាំងក្នុងស្រុក ក្រុមហ៊ុនក៏ត្រូវការប្រើប្រាស់នូវវត្ថុធាតុដើមក្នុងប្រទេសកម្ពុជាដូចជា កៅស៊ូជាដើមរហូតដល់ ៣០០តោនក្នុងមួយថ្ងៃ និងមួយចំនួនទៀតក្រុមហ៊ុនក៏គ្រោងនឹងនាំចូលកៅស៊ូពីប្រទេសថៃ ម៉ាឡេស៊ី និង តំបន់ផ្សេងៗទៀតនៅក្នុងអាស៊ីអាគ្នេយ៍ផងដែរ។ ចំណែក«សំបកកង់រថយន្ត»ដែលផលិតបាន ក្រុមហ៊ុនគ្រោងនឹងនាំចេញទៅកាន់ទីផ្សារ អាម៉េរិក និងទ្វីបអឺរ៉ុប។

គួរបញ្ជាក់ថា ក្រុមហ៊ុន ជេនេរ៉ល ថាយអឺរ ថេកណឡជី( General Tires Technology)គឺក្រុមហ៊ុនផលិតសំបកកង់រថយន្តដ៏ធំមួយនៅប្រទេសចិន ហើយក៏ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនHongdou Group ដែលជាក្រុមហ៊ុនយក្យរបស់ប្រទេសចិនផងដែរ ។ សម្រាប់នៅអាស៊ីអាគ្នេយ៍ ក្រុមហ៊ុននេះបានបោះទុនបង្កើតរោងចក្រសំបកកង់រថយន្តនៅប្រទេសថៃ ហើយកម្ពុជាដែលជាទីទាំងទី២ក្រៅពីប្រទេសចិន៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង