Cctime 6monthsfree desktop
Cc times  web banner kh (2)

ធនាគារ អេស៊ីលីដា ដាក់ឱ្យប្រើប្រាស់«អត្តសញ្ញាណប័ណ្ណមន្ត្រីរាជការស៊ីវិល»ផ្លូវការ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
បណ្ឌិត សូ ផនណារី អនុប្រធាននាយកប្រតិបត្តិជាន់ខ្ពស់ និងជាគណៈប្រធាននាយិកាប្រតិបត្តិប្រតិបត្តិការ ធនាគារ អេស៊ីលីដា។

ភ្នំពេញ៖ធនាគារ អេស៊ីលីដា ភីអិលស៊ី នៅថ្ងៃទី ២៨ ធ្នូនេះ បានប្រកាសចូលរួមក្នុងកម្មវិធីដាក់ឱ្យប្រើប្រាស់អត្តសញ្ញាណប័ណ្ណមន្ត្រីរាជការស៊ីវិលដែករៀបចំឡើងដោយក្រសួងមុខងារសាធារណៈ និង សហការចូលរួមដោយធនាគារដៃគូ ចំនួន ៣ រួមមាន ធនាគារ អេស៊ីលីដា ធនាគារ កាណាឌីយ៉ា និង ធនាគារ វីង។ការប្រកាសដាក់ដំណើរការនេះ ក្នុងគោលចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការកំណែទម្រង់រដ្ឋបាលសាធារណៈ អនុវត្តគោលនយោបាយរដ្ឋាភិបាលឌីជីថល រួមចំណែកដល់ការអភិវឌ្ឍរីកចម្រើនឥតឈប់ឈររបស់សង្គមជាតិ។ 

ធនាគារ អេស៊ីលីដា បានបោះពុម្ពអត្តសញ្ញាណប័ណ្ណ មន្រ្តីរាជការស៊ីវិលទម្រង់ថ្មីនេះ គឺផ្អែកលើការវិវត្តជឿនលឿននៃបច្ចេកវិទ្យា ស្របតាមប្រក្រតីភាពថ្មីនៃបរិបទកូវីដ-១៩ ដោយបានរៀបចំបោះពុម្ពជាប្រភេទស្មាតកាត (Smart Card) ដែលអនុញ្ញាតឱ្យមន្ត្រីរាជការស៊ីវិល អាចប្រើប្រាស់សេវាប្រតិបត្តិការហិរញ្ញវត្ថុបានយ៉ាងងាយស្រួល នៅគ្រប់ពេលវេលា ប្រកបដោយសុវត្ថិភាពខ្ពស់ ជាពិសេសមន្រ្តីរាជការស៊ីវិលទូទាំងប្រទេសនឹងទទួលបានប័ណ្ណនេះដោយឥតគិតថ្លៃ។នេះបើយោងតាមលោកស្រីបណ្ឌិត សូ ផនណារី អនុប្រធាននាយកប្រតិបត្តិជាន់ខ្ពស់ និងជាគណៈប្រធាននាយិកាប្រតិបត្តិប្រតិបត្តិការ ធនាគារ អេស៊ីលីដា។

បើតាមលោកស្រីបណ្ឌិត សូ ផនណារី បានពន្យល់ថា ដើម្បីបំពេញតម្រូវការជូនមន្ត្រីរាជការស៊ីវិល អតិថិជន និងសាធារណជន ស្របតាមយុទ្ធសាស្រ្តឌីជីថល ព្រមទាំងពង្រីកវិសាលភាព និងគាំទ្រការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា សេវាហិរញ្ញវត្ថុឱ្យកាន់តែទូលំទូលាយ និងងាយស្រួល ធនាគារ អេស៊ីលីដា បាននិងកំពុងពង្រីកបណ្តាញប្រតិបត្តិការ ចំនួន ២៦៤សាខា និងសេវាកម្មធនាគារស្វ័យប្រវត្តិ ចំនួន ១២០ទីតាំង ដោយបំពាក់ម៉ាស៊ីនអេធីអឹមសរុបជាង ១.១២៤គ្រឿង ម៉ាស៊ីនឆូតកាតសរុបជាង ៤.១៤៦គ្រឿង និងអេស៊ីលីដាម៉ូបាល ដែលមានអ្នកប្រើប្រាស់ជាង ២,៦៤លាននាក់ ព្រមទាំងដៃគូអាជីវកម្ម សរុបជាង១៩០.០០០ នៅពាសពេញផ្ទៃប្រទេស គិតត្រឹមដំណាច់ខែវិច្ឆិកា ឆ្នាំ២០២២។ 

ទាក់ទងនឹងអត្តសញ្ញាណប័ណ្ណមន្រ្តីរាជការស៊ីវិលទម្រង់ថ្មីនេះ លោកស្រីបណ្ឌិត សូ ផនណារី អះអាងថា គឺមានភ្ជាប់និម្មិតសញ្ញា CSS (Cambodian Shared Switch) ដែលជាប័ណ្ណអេធីអឹម សម្រាប់បម្រើមន្រ្តីរាជការស៊ីវិល ក្នុងការទូទាត់ទំនិញ-សេវាកម្មតាមម៉ាស៊ីនឆូតកាត និងតាមអនឡាញ ជាមួយដៃគូអាជីវកម្មដែលប្រើប្រាស់ប្រព័ន្ធទូទាត់ជាមួយធនាគារ អេស៊ីលីដា។ ម៉្យាងវិញទៀត អាចធ្វើការដាក់ប្រាក់ បញ្ចូលទឹកប្រាក់ក្នុងទូរស័ព្ទដៃ និងអាចបង្កើតប័ណ្ណនិមិត្តតាមអេធីអឹមធនាគារ អេស៊ីលីដា ព្រមទាំងអាចដកប្រាក់ និងផ្ទេរប្រាក់តាមម៉ាស៊ីនអេធីអឹមនៅគ្រប់ធនាគារ ឬស្ថាប័នហិរញ្ញវត្ថុនានា បានគ្រប់ពេលវេលា (២៤ម៉ោងក្នុងមួយថ្ងៃ និង៧ថ្ងៃក្នុងមួយសប្តាហ៍) យ៉ាងងាយស្រួល ប្រកបដោយសុវត្ថិភាពខ្ពស់បំផុត តាមតម្រូវការប្រើប្រាស់ប្រចាំថ្ងៃ។

លោកស្រីបណ្ឌិត បានចាត់ទុកការដាក់ឱ្យប្រើប្រាស់អត្តសញ្ញាណប័ណ្ណមន្ត្រីរាជការស៊ីវិលថ្មីនេះ សញ្ជាក់ឱ្យឃើញថា វិស័យសារធារណៈ និងវិស័យឯកជនមានទំនាក់ទំនងគ្នាយ៉ាងស្អិតរមួត គាំទ្រគ្នាទៅវិញទៅមក មិនអាចកាត់ផ្តាច់ពីគ្នាបានឡើយ ជាងនេះទៅទៀត ជាលទ្ធផលបង្ហាញឱ្យឃើញថា វិស័យសាធារណៈ និងវិស័យឯកជន ជាពិសេស ប្រទេសកម្ពុជាទាំងមូល មានការរីកចម្រើន ជឿនលឿន ដោយប្រើប្រាស់បច្ចេកវិទ្យាទាន់សម័យ ដូចប្រទេសជឿនលឿនមួយចំនួន នៅក្នុងតំបន់ និងក្នុងពិភពលោក៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង