
ភ្នំពេញ៖ វ៉ាក់សាំងការពារសត្វដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទទួលបានពីមិត្តចិននាពេលថ្មីៗនេះ នឹងផ្តល់ជូនជាអាទិភាពដល់តំបន់ ឬកន្លែងដែលមានប្រវត្តិនៃការផ្ទុះជំងឺសត្វ និងប្រើប្រាស់ការចាក់វ៉ាក់សាំងជាយុទ្ធសាស្ត្រ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺសត្វ។ ជាពិសេស វ៉ាក់សាំងទាំងនេះនឹងផ្តល់ជូនខេត្តដែលមានករណីផ្ទុះជំងឺឆ្លងសត្វ និងខេត្តដែលតែងតែមានបញ្ហាទឹកជំនន់ និងកសិករចិញ្ចឹមសត្វនៅជនបទជាអាទិភាព។ នេះជាការលើកឡើងរបស់កញ្ញា អឹម រចនា អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រាប់ស៊ីស៊ីថាមស៍។
កញ្ញា អឹម រចនា បានលើកឡើងថា ការចិញ្ចឹមសត្វ ត្រូវការ ពូជ ចំណី ការគ្រប់គ្រងជំងឺ (សុខភាព) ដូច្នេះវ៉ាក់សាំងជួយការពារ និងទប់ស្កាតជំងឺឆ្លងសត្វសំខាន់ៗដែលអាចកើតមានឡើង។ វ៉ាក់សាំងដែលទទួលបានមានវ៉ាក់សាំងការពារជំងឺអុតក្តាម និងការពារជំងឺដុំពកស្បែកគោក្របី ដូច្នេះវាជួយការពារជំងឺពីរមុខនេះតែប៉ុណ្ណោះ ដែលកម្ពុជាបានជួបបញ្ហាប្រឈមកន្លងមកក្នុងការចិញ្ចឹមសត្វ។ នាពេលកន្លងទៅ ការចិញ្ចឹមសត្វនៅកម្ពុជាជួបបញ្ហាជំងឺឆ្លងរាលដាលសំខាន់មួយចំនួន ដូចជា ជំងឺអុតក្តាម សារទឹក និងដុំពកស្បែកគោក្របី។
អ្នកនាំពាក្យរូបនេះបានបញ្ជាក់ថា វ៉ាក់សាំងដែលក្រសួងបានទិញនាពេលកន្លងទៅមានដូចជា អុតក្តាម សារទឹក ដុំពកស្បែក និងបូសខ្យល់។ វ៉ាក់សាំងទាំងនេះ ទិញតាមតម្លៃទីផ្សារ និងបានឆ្លងកាត់គោលការណ៍របស់រដ្ឋដោយមានការប្រកួតប្រជែង។
ដើម្បីធ្វើឱ្យវិស័យចិញ្ចឹមសត្វនៅកម្ពុជាទាំងការចិញ្ចឹមសត្វលក្ខណៈគ្រួសារ និងកសិដ្ឋានធំៗ មានការរីកចម្រើន និងត្រូវតាមស្ដង់ដា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានកំណត់យុទ្ធសាស្ត្រសំខាន់ៗ រួមមាន៖ លើកម្ពស់ការយល់ដឹងអំពីការប្រើប្រាស់វ៉ាក់សាំង និងការការពារជំងឺសត្វ, ជម្រុញការផលិតទៅតាមស្តង់ដានៃការចិញ្ចឹមនិងអនាម័យខ្ពស់ស្របតាមតំបន់ និងអន្តរជាតិជាពិសេសទប់ស្កាត់ការឆ្លងរាលដាលជំងឺសត្វ និងសុខភាពសាធារណៈ, ជម្រុញការផលិតដើម្បីស្វ័យផ្គត់ផ្គង់នៅក្នុងស្រុក និងដើម្បីនាំចេញ។ នេះជាការលើកឡើងរបស់អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
គួរបញ្ជាក់ថា រដ្ឋាភិបាលនៃប្រទេសចិន តាមរយៈក្រសួងកសិកម្ម និងកិច្ចការជនបទនៅថ្ងៃទី ២៧ ធ្នូនេះ បានប្រគល់វ៉ាក់សាំង«ការពារសត្វ»ចំនួន ១លានដូស ជូនក្រសួងកសិកម្មកម្ពុជា ដោយក្នុងនោះមានវ៉ាក់សាំងជំងឺអ៊ុតក្តាម ៣ប្រភេទ សម្រាប់គោក្របី ចំនួន ៥០ម៉ឺនកម្រិត និងវ៉ាក់សាំងជំងឺបុសក្បាលគោក្របីសរុប ៥០ម៉ឺនកម្រិត។ ការបរិច្ចាគវ៉ាក់សាំងនេះ ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យចិញ្ចឹមសត្វនៅកម្ពុជា ជាពិសេសនឹងជួយជំរុញសេដ្ឋកិច្ចជាតិ៕