ភ្នំពេញ៖ ក្នុងរយៈពេល១១ខែនៃឆ្នាំ២០២២ កម្ពុជាទទួលបានភ្ញៀវទេសចរជនជាតិចិនជាង៩ម៉ឺននាក់ ក្នុងអត្រាកំណើន១១៣.៨% ហើយអាចជាសញ្ញាវិជ្ជមានមួយសម្រាប់ឆ្នាំ២០២៣។ ទោះជាយ៉ាងណាក៏កម្ពុជានៅពុំទាន់ទទួលបានភ្ញៀវទេសចរចិនឱ្យបានច្រើនដូចស្ថានភាពមុនកូវីដ-១៩ឡើយ ប៉ុន្តែក្រសួងទេសចរណ៍នឹងខិតខំស្ដារទីផ្សារទេសចរចិនឡើងវិញតាមរយៈការពង្រឹងគុណភាពសេវាកម្មទទួលទេសចរចិន។ នេះបើតាមសេចក្ដីប្រកាសរបស់ក្រសួងទេសចរណ៍។
បើតាមសចក្ដីប្រកាស ក្រសួងបញ្ជាក់ថា ទោះបីជាស្ថានភាពទីផ្សារចិននៅមិនទាន់បង្ហាញសញ្ញានៃការងើបទ្បើងវិញនៅទ្បើយ ក្រសួងទេសចរណ៍នៅតែបន្តពង្រឹងគុណភាពសេវាកម្មទទួលទេសចរចិន(China Ready Accreditation) ទ្បើងវិញ ដើម្បីត្រៀមខ្លួនឱ្យរួចរាល់សម្រាប់ទទួលទេសចរចិនមកវិញបន្ទាប់ពីខកខានអស់រយៈពេលជាង០២ឆ្នាំដោយសារវិបត្តិជំងឺកូវីដ-១៩។
ជាមួយគ្នានេះ ក្រសួងទេសចរណ៍បានបន្តលើកទឹកចិត្តអាជីវកម្មទេសចរណ៍ដែលទទួលទេសចរចិន មកដាក់ពាក្យស្នើសុំការទទួលស្គាល់គុណភាពសេវាកម្មទទទួលទេសចរចិន (China Ready Accreditation) ដោយឥតគិតថ្លៃ នៅទីស្តីការក្រសួងទេសចរណ៍ ដែលមានអស័យដ្ឋាន ដីទ្បូតិ៍លេខ 3A ផ្លូវលេខ១៦៩ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
គួរបញ្ជាក់ថា ភ្ញៀវទេសចរអន្តរជាតិដែលបានមកទស្សនាប្រទេសកម្ពុជា ក្នុងរយៈពេល១០ខែ ចាប់ពីខែមករាដល់ខែតុលា ឆ្នាំ២០២២ គឺមានចំនួនសរុប ១,៥៧៥,៩៥៤នាក់ កើនឡើង៩៩១.១ភាគរយ បើធៀបនឹងរយៈពេល១០ខែដូចគ្នានៃឆ្នាំ២០២១ ហើយក្នុងនោះ កម្ពុជាទទួលបានភ្ញៀវទេសចរជនជាតិថៃច្រើនជាងគេគឺចំនួនជាង៥៩ម៉ឺននាក់ (៥៩០,៩៨៤នាក់)។ រីឯភ្ញៀវទេសចរជាតិមានចំនួន ៩,៤៧១,០៣៤នាក់ កើនឡើង២០៩.៨ភាគរយ និងភ្ញៀវបរទេសផ្ទៃក្នុងចំនួន១,៣៨៤,៤៩៨នាក់ កើនឡើង៦១៦.៧ភាគ៕