ភ្នំពេញ៖ សិស្សានុសិស្សដែលបានបញ្ចប់ការប្រឡងបាក់ឌុបថ្មីៗនេះ កំពុងតែពិចារណាជ្រើសរើសជំនាញសិក្សាបន្តនៅសាកលវិទ្យាល័យ។ ការជ្រើសរើសជំនាញនៅថ្នាក់ឧត្តមសិក្សាត្រូវធ្វើការពិចារណាឱ្យបានគ្រប់ជ្រុងជ្រោយ និងម៉ត់ចត់ ព្រោះការសម្រេចចិត្តមួយដែលមានឥទ្ធិពលលើអនាគតការងាររបស់ខ្លួន។ តាមការសិក្សាស្រាវជ្រាវមានហេតុផលជាច្រើន ដែលបានជំរុញឱ្យនិសិ្សតជ្រើសរើសសិក្សាជំនាញពាក់ព័ន្ធបច្ចេកវិទ្យាឌីជីថល។
ជំនាញពាក់ព័ន្ឋនឹងបច្ចេកវិទ្យាឌីជីថលមានដូចជា វិទ្យាសាស្ត្រកុំព្យូទ័រ (Computer Science) ទូរគមនាគមន៍និងបណ្តាញ (Telecoms and Networking) បច្ចេកវិទ្យាក្លោដ (Cloud Computing) ការអភិវឌ្ឍសុសវែរ (Software Development) វិទ្យាសាស្ត្រទិន្នន័យ (Data Science) សន្តិសុខសាយប័រ (Cybersecurity) បច្ចេកវិទ្យាប្លុកឆេន (Blockchain) បច្ចេកវិទ្យាហិរញ្ញវត្ថុ (Fintech) បច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ត (AI) ពាណិជ្ជកម្មតាមប្រព័ន្ឋអេឡិចត្រូនិក (E-Commerce) និងមានជំនាញជាច្រើនទៀត។
បច្ចេកវិទ្យាឌីជីថលបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ហើយគ្រប់ស្ថាប័ន និងក្រុមហ៊ុនទាំងអស់ពិតជាត្រូវការអ្នកជំនាញ បច្ចេកវិទ្យាឌីជីថល ដើម្បីជួយសម្រួលដល់ការងារឱ្យកាន់តែមាន ប្រសិទ្ឋភាព។ បច្ចុប្បន្ន និស្សិតដែលបានបញ្ចប់ការសិក្សាជំនាញ បច្ចេកវិទ្យាឌីជីថលនៅមានចំនួនតិច ស្របពេលដែលតម្រូវការជំនាញនេះមានកាន់តែច្រើនឡើង ដែលជាឱកាសល្អសម្រាប់ទទួលបានការងារធ្វើទាំងក្នុង និងក្រៅប្រទេស។ មិនតែប៉ុណ្ណោះ ដោយសារអ្នកជំនាញបច្ចេកវិទ្យាឌីជីថលមិនសូវមានច្រើន នាំឱ្យក្រុមហ៊ុននិងស្ថាប័នមានការប្រកួតប្រជែងជ្រើសរើស យកមកបម្រើការងារ ដោយផ្តល់ប្រាក់បៀវត្សខ្ពស់ និង អត្ថប្រយោជន៍ផ្សេងៗជាច្រើន ដោយអាចប្រកបការងារជាអ្នក អភិវឌ្ឍសុសវែរ អ្នកជំនាញសន្តិសុខសាយប័រ និងអ្នកជំនាញហេដ្ឋារចនាសម្ព័ន្ឋទូរគមនាគមន៍ជាដើម។
ទន្ទឹមនិងនោះ នៅក្នុងប្រទេសកម្ពុជាសព្វថ្ងៃ អ្នកប្រកបអាជីវកម្មលើវិស័យបច្ចេកវិទ្យាឌីជីថលនៅមានចំនួនតិច ដូចនេះ អ្នកមានជំនាញផ្នែកនេះ អាចខិតខំប្រឹងប្រែងដើម្បីប្រែក្លាយពីអ្នកជំនាញទៅជាម្ចាស់ អាជីវកម្ម ឬអ្នកបង្កើតធុរកិច្ចថ្មីឌីជីថល (Startup) តាមរយៈការផ្តល់សេវាកម្មថ្មី ប្លែក ហើយ ថែមទាំងងាយស្រួលចូលទីផ្សារផងដែរ។ បច្ចុប្បន្ននេះឱកាសអាជីវកម្មនៅក្នុងវិស័យបច្ចេកវិទ្យា ឌីជីថលនៅមានច្រើន បើធៀបនឹងអាជីវកម្មប្រពៃណីដែលមានស្រាប់។
ការជ្រើសរើសជំនាញបច្ចេកវិទ្យាឌីជីថល គឺមានការបារម្ភថាមានមុខវិជ្ជាពិបាកក្នុងការសិក្សា។ ផ្ទុយទៅវិញមាននិស្សិតជាច្រើនក្រោយបានចូលរៀនជំនាញនេះ ពួកគេបានសម្តែងនូវការ សប្បាយរីករាយ និងចាប់អារម្មណ៍ខ្លាំងលើមុខវិជ្ជាដែលពួកគេរៀន ដោយសារតែមុខវិជ្ជា ភាគច្រើនផ្តល់នូវពុទ្ធិថ្មីៗ ដូចជាការដោះស្រាយបញ្ហា និងរបកគំហើញថ្មីៗមិនធ្លាប់មានជាដើម។ ហើយមុខវិជ្ជានីមួយៗសុទ្ធសឹងតែមានសារសំខាន់សម្រាប់ប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ក្នុងការទាញយកប្រយោជន៍ពីសេដ្ឋកិច្ច និងសង្គមឌីជីថលជាអតិបរមា៕