
ភ្នំពេញ៖ តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនចំនួន៤ ក្នុងទុនវិនិយោគសរុបជាង១៦លានដុល្លារអាម៉េរិក ដើម្បីវិនិយោគលើគម្រោងបង្កើតរោងចក្រផលិតក្តារប៉ាកេ និងក្តារបន្ទះ, រោងចក្រផលិតថង់ប្លាស្ទិក, រោងចក្រផលិតផលិតផលធ្វើពីក្រដាស, និងរោងចក្របោះពុម្ព និងផលិតផលិតផលវេចខ្ចប់ ហើយគម្រោងនេះនឹងបង្កើតឱកាសការងារបានរាប់រយកន្លែង។ នេះបើតាមសេចក្ដីប្រកាសរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)។
បើតាមសេចក្ដីប្រកាស ក្រុមហ៊ុនទាំងនោះមានដូចជា៖ ក្រុមហ៊ុនទី១- “QUAN MING SHUN (CAMBODIA) NEW MATERIALS CO., LTD.” គម្រោងបង្កើតរោងចក្រផលិតក្តារប៉ាកេ និងក្តារបន្ទះ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ, ខេត្តព្រះសីហនុ, ក្នុងទុនវិនិយោគប្រមាណ ៦,៦លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួនប្រមាណ ៣០០នាក់។
ក្រុមហ៊ុនទី២- “CHUANGJU PLASTICS (CAMBODIA) CO., LTD.” គម្រោងបង្កើតរោងចក្រផលិតថង់ប្លាស្ទិក ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ, ខេត្តព្រះសីហនុ, ក្នុងទុនវិនិយោគប្រមាណ ៦,១លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួនប្រមាណ ៣០០នាក់។
ក្រុមហ៊ុនទី៣- “TB PACKAGING (CAMBODIA) CO., LTD.” គម្រោងបង្កើតរោងចក្រផលិតផលិតផលធ្វើពីក្រដាស ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ, ខេត្តព្រះសីហនុ, ក្នុងទុនវិនិយោគចំនួន ២លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួនប្រមាណ ៨០នាក់។
ក្រុមហ៊ុនទី៤- “VP PRINTING AND PACKAGING CO., LTD.” គម្រោងបង្កើតរោងចក្របោះពុម្ព និងផលិតផលិតផលវេចខ្ចប់ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូលយ៉ាល់ គ្រុប ភ្នំពេញ, រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ១,៦លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួនប្រមាណ ៦០នាក់៕


