
ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) និង ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍(AFD) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានសហប្រតិបត្តិការសម្រាប់គម្រោង/កម្មវិធីចំនួន ៦ ជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលមានទឹកប្រាក់សរុបចំនួន ៣៨១,៤៥លានដុល្លារអាម៉េរិក។ ការចុះហត្ថលេខានេះធ្វើឡើងរវាងឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយទូតបារាំងប្រចាំកម្ពុជា ក៏ដូចជាតំណាងរបស់ADBប្រចាំនៅកម្ពុជា និងតំណាងAFDប្រចាំនៅកម្ពុជា នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២។
បើតាមសេដក្ដីប្រកាសរបស់ក្រសួងសេដ្ឋកិច្ច គម្រោង/កម្មវិធីទាំង៦នេះមានដូចជា៖ កម្មវិធីអភិវឌ្ឍន៍វិស័យថាមពល-អនុកម្មវិធីទី១, គម្រោងជលផលសមុទ្រ និងតំបន់ឆ្នេរប្រកបដោយចីរភាព, កម្រោងសុខភាពសត្វាឆ្លងកាតើព្រំដែន និងការជំរុញខ្សែចង្វាក់តម្លៃសត្វ, គម្រោងសុខភាពតាមតំបន់ព្រំដែនក្នុងមហាអនុតំបន់មេគង្គ, កម្មវិធីអភិវឌ្ឍន៍វិស័យពាណិជ្ជកម្ម និងការប្រកួតប្រជែង-អនុកម្មវិធីទី១, និង គម្រោងវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាសម្រាប់ការអប់រំកម្រិតមធ្យមសិក្សា។
ក្រៅពីការចុះហត្ថលេខាលើហិរញ្ញប្បទានសហប្រតិបត្តិការសម្រាប់គម្រោង/កម្មវិធីចំនួន ៦, ហិរញ្ញប្បទានជំនួយបច្ចេកទេសចំនួន ០១ ដែលមានទឹកប្រាក់ចំនួន ១,៧លានដុលា្លរអាម៉េរិក ក៏ត្រូវបានចុះហត្ថលេខា សម្រាប់គាំទ្រដល់ដំណើរការអនុវត្តកម្មវិធីអភិវឌ្ឍន៍វិស័យថាមពលផងដែរ។ នេះបើតាមសេចក្ដីប្រកាស។
ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន បានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការADBដែលបានផ្ដល់ហិរញ្ញប្បទានសហប្រតិបត្តិការសរុបចំនួនប្រមាណ ៤,៧៧ប៊ីលានដុល្លារអាម៉េរិក ដែលក្នុងនោះឥណទានសម្បទានមានទឹកប្រាក់សរុបចំនួនប្រមាណ ៤,២០ ប៊ីលានដុល្លារអាម៉េរិក សម្រាប់អនុវត្តគម្រោង/កម្មវិធីចំនួន ១៣០ និងហិរញ្ញប្បទានឥតសំណងមានទឹកប្រាក់សរុបចំនួនប្រមាណ ៥៦៨,៤៥លានដុល្លារអាម៉េរិក សម្រាប់អនុវត្តគម្រោង/កម្មវិធីចំនួន៦៩។
ឯកឧត្តមបានថ្លែងអំណរគុណចំពោះការផ្ដល់ហិរញ្ញប្បទានសហប្រតិបត្តិការរបស់ADBនិងAFD ដែលបាននិងកំពុងរួមចំណែកយ៉ាងធំធេងក្នុងការអភិវឌ្ឍន៍នៅកម្ពុជា និងបន្តដើរតួនាទីជាដៃគូអភិវឌ្ឍន៍កាន់តែសំខាន់ ហើយអាចក្លាយខ្លួនជាដៃគូអភិវឌ្ឍន៍ពហុភាគីធំបំផុតរបស់រាជរដ្ឋាភិបាលកម្ពុជា៕

