
ភ្នំពេញ៖ តំបន់អរិយក្សត្រកំពុងទទួលបានគម្រោងសាងសង់ផ្ទះ និង បុរីខ្លះៗជាបណ្ដើរៗហើយ ខណៈតម្លៃដីនៅតំបន់នេះមិនទាន់មានការឡើងថ្លៃខ្លាំង។ គម្រោងសាងសង់នេះទើបតែចាប់ផ្ដើមលេចឡើងនារយៈពេលចុងក្រោយនេះជាបណ្តើរៗ។ នេះបើតាមការលើកឡើងរបស់លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុ បានប្រាប់ស៊ីស៊ីថាមស៍។
លោក ច្រឹក សុខនីម បានប្រាប់ស៊ីស៊ីថាមស៍នៅថ្ងៃនេះថា បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាបានប្រកាសសាងសង់ស្ពានឆ្លងទន្លេមេគង្គដែលតភ្ជាប់ពីជ្រោយចង្វារទៅអរិយក្សត្រនៅឆ្នាំក្រោយនេះ ក៏តម្លៃដីនៅតំបន់អរិយក្សត្រមិនទាន់មានការឡើងថ្លៃខ្លាំងហួសហេតុដែរ ដោយក្នុងនោះដីមានតម្លៃ៣០ដុល្លារ-៤០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ ហើយខ្លះទៀតមានតម្លៃចន្លោះពី៧០ដុល្លារ-១២០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ ហើយតម្លៃនេះប្រែប្រួលទៅតាមទីតាំង។
ប្រធានសមាគមរូបនេះបញ្ជាក់ថា តម្លៃដីនៅតំបន់នេះអាចនឹងឡើងថ្លៃខ្លាំងបាន លុះត្រាតែស្ពានឆ្លងទន្លេមេគង្គទៅតំបន់អរិយក្សត្រត្រូវបានសាងសង់រួច និងដាក់ឱ្យដំណើរការជាផ្លូវការ ប៉ុន្តែខណៈពេលនេះតម្លៃដីគឺមិនមានការឡើងថ្លៃខ្លាំងនោះទេ ដោយសារប្រជាជនកម្ពុជា និងវិនិយោគិនមួយចំនួន បានជួបបញ្ហាជាច្រើនដូចជាវិបត្តិកូវីដ ការឡើងថ្លៃប្រេងសាំង ទំនិញមួយចំនួនឡើងថ្លៃ និងបញ្ហាប្រឈមមួយចំនួនទៀត ដែលបានផ្ដល់ផលប៉ះពាល់ដល់សេដ្ឋកិច្ចប្រជាជនក៏ដូចជាប្រទេសកម្ពុជាទាំងមូលផងដែរ។ ដូចនេះបើឡើងថ្លៃនៅពេលនេះ ប្រជាជនកម្ពុជា និងវិនិយោគិនមួយចំនួន ក៏មិនទាន់មានលទ្ធភាពគ្រប់គ្រាន់សម្រាប់ទិញដី ឬវិនិយោគនៅតំបន់នេះភ្លាមៗដែរ ព្រោះត្រូវការការសិក្សាឱ្យបានច្បាស់លាស់ជាមុនសិន។
ក្នុងនាមលោកជាប្រធានសមាគមវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុ លោកយល់ឃើញថា តំបន់អរិយក្សត្រជាតំបន់មួយដែលមានសក្ដានុពលខ្ពស់ ហើយក៏ជាផ្នែកនៃការអភិវឌ្ឍរយៈពេលយូរផងដែរ ដែលត្រូវការការសាងសង់ស្ពានឆ្លងទៅតំបន់នេះដើម្បីបង្កើនភាពងាយស្រួល និងធ្វើឱ្យការអភិវឌ្ឍនៅតំបន់នេះប្រកបដោយចីរភាព។ នៅក្នុងបណ្ដាប្រទេសជឿនលឿនតំបន់ដែលនៅជាប់ទន្លេ ឬបឹងធំៗ ជាតំបន់ដែលមានសក្ដានុពលសម្រាប់ការអភិវឌ្ឍ ឬជាតំបន់ដែលត្រូវបានអភិវឌ្ឍសម្រាប់មូលដ្ឋានគ្រិះនៅក្នុងការរស់នៅរយៈពេលយូរផងដែរ។
គួរបញ្ជាក់ថា កម្ពុជានឹងមានការសាងសង់ស្ពានឆ្លងទន្លេមេគង្គចំនួន៣បន្ថែមទៀត ក្នុងនោះរួមមាន ស្ពាននៅខេត្តក្រចេះ ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ពីភ្នំពេញទៅតំបន់អរិយ្សក្សត្រ និងស្ពាននៅតំបន់ល្វាឯម ជាប់ជាមួយផ្លូវល្បឿនលឿនភ្នំពេញ-បាវិត។ សម្តេចបានបញ្ជាក់ថា ពិធីបើកការដ្ឋានសាងសង់ស្ពានឆ្លងទន្លេមេគង្គនៅខេត្តក្រចេះ អាចនឹងធ្វើនៅថ្ងៃទី២ ឬ៦ ខែមករា ឆ្នាំ២០២៣ ខាងមុខ៕
