ចិន៖រដ្ឋមន្ត្រីក្រសួងការបរទេស ចិន រុស្ស៊ីនិងឥណ្ឌា នៅថ្ងៃទី២៣ខែមិថុនា រៀបចំធ្វើកិច្ចជំនួបពិភាក្សាតាមប្រព័ន្ធវីដេអូ។ក្នុងកិច្ចប្រជុំនោះ ប្រមុខការទូតចិន រុស្ស៊ីនិងឥណ្ឌាប្រកាសប្រកាន់ខ្ជាប់ពហុភាគីនិយមនិងពហុប៉ូលភាវូបនីយកម្មយ៉ាងម៉ឺងម៉ាត់។
លោកវ៉ាងយី សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋចិននិងជារដ្ឋមន្ត្រីការបរទេសចិន បានលើកឡើងសំណើបីចំណុចអំពីការបង្កើនកិច្ចសហប្រតិបត្តិការរវាងចិន រុស្ស៊ីនិងឥណ្ឌាថា ទីមួយ ប្រកាន់ខ្ជាប់ពហុភាគីនិយមនិងធ្វើឱ្យអភិបាលកិច្ចជាសកលមានសុក្រឹតភាព ។ ទីពីរ បង្កើនកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង ពួតដៃគ្នាយកឈ្នះលើជំងឺឆ្លង ។ ទីបី ធ្វើឱ្យយន្តការសហប្រតិបត្តិការមានសុក្រឹតភាព ដើម្បីកកើតទៅជាកម្លាំងរួមរបស់ភាគីទាំងបី ។
លោក Sergey Lavrov រដ្ឋមន្ត្រីការបរទេសរុស្ស៊ី និងលោក S.JAISHANKAR រដ្ឋមន្ត្រីការបរទេសឥណ្ឌាបានថ្លែងថា រុស្ស៊ី ចិននិងឥណ្ឌាសុទ្ធតែប្រកាន់ខ្ជាប់ពហុភាគីនិយមនិងពហុប៉ូលភាវូបនីយកម្មយ៉ាងម៉ឺងម៉ាត់ ហើយផ្តួចផ្តើមគំនិតថា ទំនាក់ទំនងអន្តរជាតិគួរតែគោរពតាមក្រមអន្តរជាតិដែលទទួលស្គាល់ជាសាធារណៈ ។
លោក Sergey Lavrov ក្នុងនាមជាប្រធានផ្លាស់វេនបានថ្លែងទៀតថា ប្រទេសមួយចំនួនប៉ុនប៉ងបំផ្លាញរបៀបរៀបរយអន្តរជាតិបន្ទាប់ពីសង្គ្រាមលោកលើកទីពីរដែលមានអង្គការសហប្រជាជាតិជាមជ្ឈមណ្ឌល បង្កជម្លោះនយោបាយភូមិសាស្ត្រដោយគ្មានហេតុផល អនុវត្តការដាក់ទណ្ឌកម្មទៅលើប្រទេសដទៃទៀតដោយផ្តេសផ្តាស ការគាំពារនិយមកើនឡើងឥតឈប់ឈរ ។ ទង្វើទាំងនេះគួរឱ្យព្រួយបារម្ភ ។ ចំពោះមុខបញ្ហាប្រឈម ប្រទេសទាំងបីគួរតែរួមសាមគ្គីគ្នា រក្សាការផ្លាស់ប្តូរជាយុទ្ធសាស្ត្រ ធ្វើឱ្យកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងមានភាពកាន់តែស៊ីជម្រៅ ដើម្បីរួមគ្នាគាំពារសន្តិភាព វិបុលភាពនិងស្ថិរភាពទូទាំងពិភពលោក។អត្ថបទពីវិទ្យុចិន៕