Yearendyearend1140x150
Img 0571

ផ្លែ«មៀន»ស្រស់កម្ពុជាទទួលបានការគាំទ្រយ៉ាងខ្លាំង​ពី​ប្រជាជន​ចិន

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

សៀងហៃ៖ ផ្លែមៀនស្រស់របស់កម្ពុជាជាច្រើនតោន បាននាំចេញទៅលក់ក្នុងក្រុងសៀងហៃ ប្រទេសចិន បច្ចុប្បន្នកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំង​ពី​ប្រជាជន​ចិន ដោយមានការបញ្ជាទិញរហូតដល់ជាង១៨តោន។ការផ្ទុះគាំទ្រដោយប្រជាជនពេលនេះ ធ្វើឡើងក្រោយពីកម្ពុជា និង ចិន បានសម្ពោធការនាំចេញជាផ្លូវការ នាខែតុលា ឆ្នាំ២០២២ កន្លងទៅ។

ផ្លែមៀនស្រស់របស់កម្ពុជា បាននាំមកដល់ ក្រុងសៀងហៃ ប្រទេសចិន ហើយបានដាក់លក់នៅក្នុងផ្សារផ្លែឈើ Jiaxing និង បានលក់អស់ជាង ១៨តោន ដែលជា​សញ្ញាល្អមួយសម្រាប់ធុរជននៃប្រទេសទាំងពីរ ក្នុងការវិនិយោគ និង ពង្រឹងអាជីវកម្មរបស់ខ្លួនលើការនាំផ្លែឈើស្រស់ពីកម្ពុជា។សញ្ញានេះ ត្រូវបានអ្នកជំនាញចាត់ទុកថា នឹងផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់កសិករដែលជាអ្នកផលិត ហើយពួកគេនឹងលែងភ័យព្រួយបារម្ភពីការពិបាករកទីផ្សារសម្រាប់លក់នារដូវប្រមូលផលទៀតហើយ។

តែយ៉ាងណាក៏ដោយ អ្នកជំនាញចិន និង កម្ពុជា បានណែនាំដល់ប្រជាពលរដ្ឋ ត្រូវយកចិត្តទុកដាក់​នៅ​ពេល​នេះ គឺត្រូវប្រើប្រាស់បច្ចេកទេសឱ្យបានត្រឹមត្រូវ តាមត្រូវស្ដង់ដារទីផ្សារ អនាម័យ និងភូតគាមអនាម័យ និង ការវេចខ្ចប់ប្រកប​ដោយគុណភាព សោភ័ណភាព។

គួរបញ្ជាក់ថា ចំការមៀនដែលទទួលបានការអនុម័តចុះបញ្ជីជាផ្លូវការឱ្យនាំចេញផ្លែមៀនទៅកាន់ទីផ្សារចិន​ មានចំនួន៧៤ ក្នុងនោះ នៅខេត្តប៉ៃលិនមានចំនួន ៤០ចំការ បាត់ដំបងចំនួន ២៨ចំការ និងបន្ទាយមានជ័យចំនួន ៦ចំការ។ ដោយឡែករោងចក្រវេចខ្ចប់ចំនួន៨ ដែលមានទីតាំងនៅក្នុងខេត្តកណ្តាលចំនួន១ ខេត្តបាត់ដំបងចំនួន៣ ខេត្តប៉ៃលិនចំនួន២ និងខេត្តព្រះសីហនុចំនួន២​​។ រីឯផ្ទៃដីដាំដុះមៀនទូទាំងប្រទេសរបស់កម្ពុជាវិញ មានចំនួន ១៣ ៦០៨ហិកតា ស្ថិតក្នុងខេត្តចំនួន៤៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង