Yearendyearend1140x150
Img 0571

WOWNOW និង Pizza Hut ចុះ MOU ជាមួយគ្នាដើម្បីបង្កើនភាពងាយស្រួលដល់អតិថិជន

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ ក្រុមហ៊ុន WOWNOW និង ក្រុមហ៊ុន Pizza Hut បានចុះ MOU ជាមួយគ្នានៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២នេះ ក្នុងគោលបំណងបង្កើនភាពងាយស្រួលដល់អតិថិជននៅទូទាំងប្រទេសកម្ពុជា លើការកម្មង់អាហារពី Pizza Hut ដែលជាហាងភីហ្សាដ៏ល្បីនៅលើទូទាំងពិភពលោក ការដឹកជញ្ជូនរហ័ស និង ការទូទាត់ប្រាក់តាមអនឡាញជាដើម។ ការសហការរវាងក្រុមហ៊ុនទាំងពីរនេះនឹងផ្ដល់ជូនអតិថិជនឱ្យកាន់តែមានភាពងាយស្រួល ទាន់សម័យ លឿនរហ័ស និងសុវត្ថិភាព។

លោក Zheng Shunwen នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន WOWNOW FOOD DELIVERY បានមានប្រសាសន៍ថា គោលបំណងនៃការចុះMOUរវាងក្រុមហ៊ុនទាំងពីរនៅថ្ងៃនេះ គឺដើម្បីឱ្យការរស់នៅរបស់ប្រជាជនកម្ពុជាកាន់តែមានភាពងាយស្រួលទាំងការញ៉ាំ ការទូទាត់ប្រាក់តាមអនឡាញ ជាពិសេសក្រុមហ៊ុននឹងព្យាយាមស្វែងរកអ្វីដែលថ្មី ហើយមានគុណភាពល្អសម្រាប់ផ្ដលជូនអតិថិជនបន្ថែមទៀត។

លោក ស៊ីម ខៃស៊ុន នាយកគ្រប់គ្រងទូទៅក្រុមហ៊ុន Pizza Hut បានជឿជាក់ថា តាមរយៈការបង្កើតទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុន WOWNOW ភាគីទាំងពីរនឹងលើកកម្ពស់ការអភិវឌ្ឍនិងការរីកចម្រើនរបស់ក្រុមហ៊ុនទាំងពីរ ព្រមទាំងផ្តល់នូវផលិតផល និងសេវាកម្មដែលមានគុណភាពល្អបំផុតសម្រាប់អតិថិជននៅក្នុងរាជធានីភ្នំពេញ។ លោកបន្តថា WOWNOW មានបណ្តាញអតិថិជនដ៏ធំ ដូច្នេះហើយ តាមរយៈកិច្ចសហប្រតិបត្តិការនេះ វិសាលភាពអាជីវកម្មរបស់ Pizza Hut នឹងកាន់តែប្រសើរឡើង។

លោកបានរៀបរាប់ថា Pizza Hut ជាហាងភីហ្សាដ៏ល្បីនៅលើទូទាំងពិភពលោក។ រហូតមកដល់ពេលនេះ Pizza Hut មានហាងជាង១៨០០០កន្លែងនៅជុំវិញពិភពលោក ដែលធ្វើឱ្យវាក្លាយជាហាងភីហ្សាដ៏ធំបំផុតនៅលើពិភពលោក។ លោកបន្ថែមថា Pizza Hut ដែលចូលទីផ្សារកម្ពុជាក្នុងខែសីហា ឆ្នាំ ២០២១ មានហាងចំនួន៥កន្លែងរហូតមកដល់ពេលនេះ ហើយត្រូវបានគេរំពឹងថានឹងកើនឡើងដល់ ៥០ កន្លែងក្នុងរយៈពេល ៥ ឆ្នាំ។

អំពីក្រុមហ៊ុន WOWNOW SUPER APP: WOWNOW គឺជាកម្មវិធី SUPER APP ដ៏ធំបំផុតនៅក្នុងប្រទេសកម្ពុជា ដែលផ្តល់នូវសេវាកម្មជាច្រើនដូចជា កម្មង់អាហារ ខ្មែរ TaoBao សេវាកម្មផ្គត់ផ្គង់ការទិញទំនិញតាមអ៊ីនធើណេត សេវាកម្មទូទាត់ប្រាក់ ត្រាវែល សេវាកម្មកក់កន្លែង ទិញសម្ភារក្នុងហ្គេម និងបញ្ចូលកាតទូរស័ព្ទ ដើម្បីសម្រួលដល់ការរស់នៅប្រចាំថ្ងៃ ចាប់តាំងពីឆ្នាំ ២០២០ សម្រាប់ប្រជាជនដែលរស់នៅក្នុងប្រទេសកម្ពុជា។ គុណតម្លៃនៃក្រុមហ៊ុន គឺសំដៅដល់ការបម្រើសេវាកម្មសម្រួលដល់ការរស់នៅប្រចាំថ្ងៃដល់អ្នកប្រើប្រាស់ជាង ៩១០,០០០ នាក់ ដោយមិនមែនត្រឹមតែជួយឱ្យគ្រប់គ្នាអាចពិសារអាហារឆ្ងាញ់ៗតែប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយសម្រួលដល់ការទិញទំនិញតាមអនឡាញជាមួយនឹងភាពងាយស្រួលផងដែរ ។

អតិថិជនគ្រប់គ្នានឹងរីករាយជាមួយការជ្រើសរើសអាហារ និងភេសជ្ជៈដ៏ច្រើនសម្បូរបែប ជាមួយនឹងភោជនីយដ្ឋានច្រើនជាង ១៦,០០០ ជាមួយនឹងសេវាកម្មដឹកជញ្ជូនរហ័ស ២៤/៧។ អ្វីដែលពិសេសជាងនេះទៅទៀត អតិថិជនអាចទិញទំនិញតាមអនឡាញពីក្នុង និងក្រៅប្រទេស ដែលមានដៃគូផ្គត់ផ្គង់ជាង ១០០,០០០ ហាង និងផលិតផលច្រើនជាង ២០ លានមុខផងដែរដែលនឹងដឹកជញ្ជូនដល់អាសយដ្ឋានរបស់អតិថិជនទូទាំងប្រទេសដោយផ្ទាល់ និងសុវត្ថិភាពជាទីបំផុត៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង