Eqm5 on ads news
Photo 2022 10 27 10.25.28
Photo 2022 10 27 15.04.39
Jetour
Cct 01
Website cc time banner

«ខេត្តបាត់ដំបង»ជាមជ្ឈមណ្ឌលព្រះពុទ្ធសាសនា

សង្គម
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

បាត់ដំបង៖ ខេត្តបាត់ដំបងជាខេត្តមួយដែលមានវត្តអារាមជាច្រើនដែលជាកេរ្តិ៍ដំណែលតាំងពីបុរាណមក។ ជាពិសេសវត្តអារាមនៅក្នុងក្រុងបាត់ដំបងមានតម្លៃមិនអាចកាត់ថ្លៃបានពីព្រោះវត្តទាំងនោះ មានប្រវត្តិសាស្រ្តដ៏យូរលង់ តម្លៃក្នុងវិស័យសិល្បៈ និងមានដំបូលប្លែកពីវត្តនានានៃខេត្តផ្សេង។ ដូច្នេះហើយទើបខេត្តបាត់ដំបង ក្លាយជាមជ្ឈមណ្ឌលព្រះពុទ្ធសាសនា។

នៅក្នុងឆ្នាំ១៩៦៩ ទស្សនាវដ្តី ឡឺពើទីទ្យារូស បានឱ្យកិត្តិយសខេត្តបាត់ដំបងថា ជាមជ្ឈមណ្ឌលព្រះពុទ្ធសាសនា។ ជាពិសេស ក្រុងបាត់ដំបងត្រូវតែមានកិត្តិយសជាមជ្ឈមណ្ឌលព្រះពុទ្ធសាសនា ព្រោះគេអាចសង្កេតបានថាក្រុងបាត់ដំបងមានវត្តអារាមច្រើនដែលជាកេរ្តិ៍ដំណែលតាំងពីបុរាណមកម្លេះ។

វត្តអារាមនៅក្នុងក្រុងបាត់ដំបងមានតម្លៃមិនអាចកាត់ថ្លៃបានពីព្រោះវត្តទាំងនោះមានប្រវត្តិសាស្រ្តដ៏យូរលង់ មានតម្លៃក្នុងវិស័យសិល្បៈ និងមានក្បូរក្បាច់រចនា ទាំងគំនូរ ចម្លាក់យ៉ាងល្អវិចិត្រ ហើយការស្ថាបនាធ្វើឡើងដោយជាងក្នុងខេត្ត និងប្រើប្រើសំភារៈ ភាគច្រើនផលិតឡើងក្នុងស្រុក។ បន្ថែមពីនេះទៀតវត្តទាំងនោះមានតម្លៃផ្នែកស្ថាបត្យកម្មនិងការតុបតែងលម្អ មានដំបូលប្លែកពីវត្តនានានៃខេត្តផ្សេង ហើយការកកើតឡើងភាគច្រើនគឺដំណាលគ្នា។

វត្តទាំងអស់ដែលបានកកើតឡើងនាសម័យលោកម្ចាស់ គឺភាគច្រើនសាងសង់ឡើងរ៉បមាត់ស្ទឹងសង្កែ ទាំងត្រើយខាងកើតនិងត្រើយខាងលិច។ បើតាមសៀវភៅ«បាត់ដំបងសម័យលោកម្ចាស់»បានពិពណ៌នាថា វត្តដែលកកើតមុនគេនៅសម័យលោកម្ចាស់ ប្រហែលជាវត្តកំពង់អំពិលនិងវត្តកណ្តឹង។ ចំណែកឯវត្តកកើតឡើងសម័យលោកម្ចាស់នោះអាចមាន វត្តកំពង់អំពិល វត្តខ្វែង វត្តតាមិម វត្តកណ្តឹង វត្តសំពៅ វត្តកំផែង វត្តដំរីស វត្តកណ្តាល វត្តសង្កែ វត្តពិភិទ្ធ វត្តពោធិ វត្តលៀប វត្តសូរភី វត្តបាឡាត់ វត្តនរា វត្តក្តុល វត្តសំរោង វត្តព្នៅ វត្តកែវ អាចមានវត្តឯកភ្នំ វត្តស្តីសំបួរមាស និងវត្តគរ ផងដែរ។ ចំពោះព្រះវិហារដែលនៅសេសសល់គឺមានតែវត្តមួយចំនួនប៉ុណ្ណោះ ហើយវត្តដែលធំជាងគេសម័យលោកម្ចាស់គឺវត្តសង្កែ។

វត្តដែលបានរៀបរាប់ខាងលើសុទ្ធសឹងជាវត្តបុរាណដែលមានតម្លៃមិនអាចកាត់ថ្លៃបាន ហើយជាវត្តដែលមានសក្តានុពលទេសចរណ៍ដែលបានរៀបចំជាវត្តទេសចរណ៍ សម្រាប់ការសិក្សាស្រាវជ្រាវ ស្វែងយល់អំពីតម្លៃក្នុងវិស័យសិល្បៈ តម្លៃក្នុងវិស័យព្រះពុទ្ធសាសនា តម្លៃក្នុងស្ថាបត្យកម្មសំណង់ និងជាផលិតផលទេសចរណ៍ដ៏ទាក់ទាញផងដែរ។ បន្ថែមលើនេះទៀត វត្តអារាមសម័យនោះក៏ជាភស្តុតាងបញ្ជាក់ពីប្រវត្តិសាស្រ្តនៃវត្ត និងតំបន់ ជាផលប្រយោជន៍សំរាប់ការសិក្សាស្រាវជ្រាវអំពីសិល្បៈ ក្បូរក្បាច់រចនា គ្រឿងលម្អ និងគ្រឿងផ្គុំនៃស្ថាបត្យកម្មប្រពៃណីខ្មែរ ទៀតផង៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង