Yearendyearend1140x150

ការចំណាយលើវិស័យដឹកជញ្ជូននៅកម្ពុជាអាចនឹងត្រូវបានកាត់បន្ថយ ក្រោយស្ពានឆ្លងទន្លេមេគង្គទាំង៣លេចជារូបរាង

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
លោក ស៊ិន ចន្ធី ប្រធានសមាគមភស្តុភារកម្មកម្ពុជា

ភ្នំពេញ៖ តម្លៃដឹកជញ្ជូនរបស់កម្ពុជានាពេលខាងមុខអាចនឹងត្រូវកាត់បន្ថយ ព្រោះកម្ពុជានឹងមានការសាងសង់ស្ពាននៅខេត្តក្រចេះ ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ពីភ្នំពេញទៅតំបន់អរិយ្សក្សត្រ និងស្ពាននៅតំបន់ល្វាឯម ជាប់ជាមួយផ្លូវល្បឿនលឿនភ្នំពេញ-បាវិតនៅឆ្នាំក្រោយនេះ ហើយស្ពាននេះអាចជួយសម្រួលដល់ការធ្វើចរាចរណ៍ចេញ-ចូលរាជធានីភ្នំពេញ តភ្ជាប់ពីទីប្រជុំជនមួយទៅមួយ ជាពិសេសចំណេញពេលវេលា។ នេះជាការលើកឡើងរបស់លោក ស៊ិន ចន្ធី ប្រធានសមាគមភស្តុភារកម្មកម្ពុជា បានប្រាប់ស៊ីស៊ីថាមស៍។

លោក ស៊ិន ចន្ធី បានលើកឡើងថា គម្រោងសាងសង់ស្ពានឆ្លងទន្លេមេគង្គនេះ គឺជាការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលលនៅក្នុងការពង្រីកនូវហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាតភ្ជាប់នូវបណ្ដាញដឹកជញ្ជូនទាំងទំនិញក៏ដូចជាជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋឱ្យកាន់តែមានភាពងាយស្រួល ព្រោះវាបានធ្វើឱ្យហេដ្ឋារចនាសម្ព័ន្ធកម្ពុជាកាន់តែមានភាពល្អប្រសើរ ហើយបានតភ្ជាប់តំបន់ប្រជុំជនទៅតំបន់កំពង់ផែក៏ដូចជាព្រលានយន្តហោះ និងតភ្ជាប់ទៅតំបន់សេដ្ឋកិច្ចផ្សេងៗផងដែរ។ គម្រោងស្ពាននេះបានសម្រួលជាច្រើនដល់វិស័យដឹកជញ្ជូន ហើយចំពោះប្រជាពលរដ្ឋក៏មានភាពងាយស្រួលក្នុងការឆ្លងកាត់ចេញ-ចូលដែរ។

លោកបន្តថា បើទោះជាយ៉ាងណាក៏លោកនៅតែមិនទាន់អាចបញ្ជាក់ច្បាស់ពីតម្លៃដឹកជញ្ជូនថានឹងមានការប្រែប្រួលយ៉ាងណាទៀតដែរ ប៉ុន្តែលោកគ្រាន់តែបង្ហាញថា កាលណាហេដ្ឋារចនាសម្ព័ន្ធកាន់តែមានភាពងាយស្រួល នោះការដឹកជញ្ជូនក៏កាន់តែមានភាពងាយស្រួលដោយអាចប្រើពេលវេលាតិច ហើយតម្លៃដឹកជញ្ជូនក៏អាចត្រូវបានកាត់បន្ថយផងដែរ។

ប្រធានសមាគមរូបនេះបន្ថែមថា មកទល់ពេលនេះរាជរដ្ឋាភិបាលកម្ពុជា និងផ្នែកឯកជនកំពុងតែយកចិត្តទុកដាក់នៅក្នុងវិស័យដឹកជញ្ជូននេះ ជាទូទៅគោលនយោបាយសម្រាប់វិស័យដឹកជញ្ជូនកម្ពុជា គឺត្រូវធ្វើយ៉ាងណាត្រូវកាត់បន្ថយតម្លៃដើមនៃដឹកជញ្ជូន ព្រោះកន្លងមកតម្លៃដឹកជញ្ជូនកម្ពុជាគឺមានតម្លៃថ្លៃជាងនៅប្រទេសជិតខាង។ ជាលទ្ធផលនៅពេលនេះរាជរដ្ឋាភិបាលកម្ពុជា កំពុងតែយកចិត្តទុកដាក់លើបញ្ហានេះ ដោយបានអនុវត្តគម្រោងសាងសង់ស្ពានឆ្លងទន្លេមេគង្គចំនួន៣បន្ថែមទៀតនៅឆ្នាំក្រោយ ដើម្បីធ្វើឱ្យវិស័យដឹកជញ្ជូនកម្ពុជាអាចប្រកួតប្រជែងជាមួយប្រទេសជិតខាងបាន។

គួរបញ្ជាក់ថា កម្ពុជានឹងមានការសាងសង់ស្ពានឆ្លងទន្លេមេគង្គចំនួន៣បន្ថែមទៀត ក្នុងនោះរួមមាន ស្ពាននៅខេត្តក្រចេះ ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ពីភ្នំពេញទៅតំបន់អរិយ្សក្សត្រ និងស្ពាននៅតំបន់ល្វាឯម ជាប់ជាមួយផ្លូវល្បឿនលឿនភ្នំពេញ-បាវិត។ ពិធីបើកការដ្ឋានសាងសង់ស្ពានឆ្លងទន្លេមេគង្គនៅខេត្តក្រចេះ អាចនឹងធ្វើនៅថ្ងៃទី២ ឬ៦ ខែមករា ឆ្នាំ២០២៣ ខាងមុខ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង