Yearendyearend1140x150
Img 0571

បរិមាណ«ផលស្រូវ»ក្នុងឆ្នាំ២០២២នេះអាចនឹងធ្លាក់ចុះប្រមាណជាង១១លានតោន

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ តាមការប៉ាន់ស្មានបឋម បរិមាណផលស្រូវក្នុងឆ្នាំ២០២២នេះ អាចនឹងធ្លាក់ចុះប្រមាណជាង ១១លានតោន ហើយជំនន់ទឹកភ្លៀងគឺជាដើមហេតុដែលបណ្ដាលឲ្យបរិមាណផលស្រូវក្នុងឆ្នាំនេះធ្លាក់ចុះ។ នេះបើតាមការបញ្ជាក់ពីកញ្ញា អឹម រចនា សមាជិកខុទ្ទកាល័យរដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទទួលបន្ទុកផ្នែកព័ត៌មាន មកកាន់ស៊ីស៊ីថាមស៍។

កញ្ញា អឹម រចនា បានពន្យល់ពីមូលហេតុនៃការធ្លាក់ចុះថា នៅក្នុងរដូវវស្សាដោយសារមានភ្លៀងធ្លាក់ច្រើនតាំងពីខែមីនា ស្របពេលដែលមានការឡើងថ្លៃនៃធាតុចូលកសិកម្មបានជះឥទ្ធិពលដល់ការដាំដុះស្រូវរដូវវស្សា ជាពិសេសស្រូវដើមរដូវវស្សា។ នៅក្នុងខែតុលា ឆ្នាំ២០២២ ប្រទេសកម្ពុជាបានជួបប្រទះនឹងគ្រោះទឹកជំនន់ទឹកភ្លៀង ដែលបង្កឱ្យមានផលប៉ះពាល់ដំណាំស្រូវនៅក្នុងបណ្តាខេត្តចំនួន១៧ ក្នុងនោះផ្ទៃដីប៉ះពាល់សរុបចំនួន ២២០ ៦១៨ហិកតា និងខូចខាតអស់ចំនួន ១១៦ ០៨៦ ហិកតា។

ចំពោះផលិតកម្មស្រូវរដូវវស្សាឆ្នាំ២០២២នេះ ការដាំដុះសម្រេចបានសរុបចំនួន ២ ៧៦៤ ០៤០ហិកតា ក្នុងនោះផ្ទៃដីរងផលប៉ះពាល់ដោយសារទឹកជំនន់ចំនួន ២២០ ៦១៨ហិកតា និង ខូចខាតអស់ចំនួន ១១៦ ០៨៦ ហិកតា។ គិតមកត្រឹមថ្ងៃទី១៤ ខែធ្នូនេះ ការប្រមូលផលស្រូវរដូវវស្សាសម្រេចបានចំនួន ៧៨,៦១% ដោយទទួលបានទិន្នផលជាមធ្យមចំនួន ៣,២៦៩តោន/ហិកតា និងទទួលបានបរិមាណផលចំនួន ៧ ១០៣ ៣៦២តោន។ តាមការប៉ាន់ស្មានបឋម បរិមាណផលស្រូវក្នុងឆ្នាំ២០២២នេះអាចនឹងធ្លាក់ចុះប្រមាណជាង ១១លានតោន។ នេះបើតាមការបញ្ជាក់ពីកញ្ញា អឹម រចនា៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង