ភ្នំពេញ៖សម្រាប់ឆ្នាំ ២០២០ រាជរដ្ឋាភិបាលបានសម្រេចបង្កើនទំហំថវិកាសម្រាប់គម្រោងនេះ ពីប្រមាណជិត ៣៨ លានដុល្លារ ទៅដល់ប្រមាណ ១០០ លានដុល្លារ ។ នេះបើតាមសេចក្តីថ្លែងរបស់សម្តេច ហ៊ុន សែន ក្នុងពិធីប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ«កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និង ងាយរងគ្រោះ ក្នុងអំឡុងពេលជំងឺកូវីដ-១៩»វិមានសន្តិភាព ថ្ងៃទី ២៤ ខែ មិថុនា ឆ្នាំ ២០២០។
នៅក្នុងឆ្នាំ ២០២០ គម្រោងនេះនឹងផ្តល់ជូនប្រជាពលរដ្ឋដែលបានបាត់បង់ការងារ ហើយវិលត្រលប់ទៅស្រុកកំណើតវិញ (ទាំងពីក្នុង និងក្រៅប្រទេស) ក៏ដូចជាប្រជាពលរដ្ឋរស់នៅក្នុងសហគមន៍ នូវឱកាសទទួលបានការងាររយៈពេលខ្លី ជាមួយនឹងប្រាក់ចំណូលសម្រាប់ ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃក្នុងចំនួនរហូតដល់ប្រមាណជិត ១ លាននាក់ ។
លើសពីនេះទៀត គម្រោងនេះក៏នឹងជួយជំរុញការកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងសហគមន៍ឱ្យកាន់តែប្រសើរឡើង ដើម្បីបម្រើដល់ការអភិវឌ្ឍ និងបង្កើនផលិតភាពនៅក្នុងវិស័យ កសិកម្ម និងសេដ្ឋកិច្ចជនបទ ដែលការណ៍នេះនឹងផ្តល់ប្រយោជន៍ដោយប្រយោលជូនប្រជាពលរដ្ឋរាប់លាន គ្រួសារថែមទៀត។