Yearendyearend1140x150

អូស្រ្តាលីចង់ផ្ដល់ជំនួយដល់កម្ពុជាសម្រាប់ការអភិរក្សប្រាសាទនៅតំបន់អង្គរ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
(រូបភាព៖ ក្រសួងពាណិជ្ជកម្ម)

ភ្នំពេញ៖ ភាគីអូស្រ្តាលី មានបំណងក្នុងការផ្តល់ជំនួយដល់កម្ពុជាសម្រាប់ការអភិរក្សប្រាសាទនៅតំបន់អង្គរ និងទីក្រុងភ្នំពេញ ដែលពោរពេញទៅដោយសម្បត្តិវប្បធម៌ ព្រមទាំងស្នើសុំផ្តល់មន្ត្រីទំនាក់ទំនងនៃក្រសួងពាណិជ្ជកម្មកម្ពុជា ដើម្បីបន្តសហការ និងពិនិត្យលទ្ធភាពចុះអនុស្សរណៈនៃការយោគយល់គ្នារវាងភាគីទាំងពីរ។ គោលបំណងនៃការផ្ដល់ជំនួយ និងការស្នើសុំនេះ ត្រូវបានធ្វើឡើងនាឱកាសពិភាក្សាការងាររវាង ឯកឧត្តម កឹម ស៊ីថន រដ្ឋមន្ត្រីស្តីទីក្រសួងពាណិជ្ជកម្ម ជាមួយឯកឧត្តម PAOLO DIONISI ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋអ៊ីតាលីប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលទើបតែងតាំងថ្មី នាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២។

នាឱកាសនេះ ឯកឧត្តម កឹម ស៊ីថន បានសាទរចំពោះទំនាក់ទំនងល្អរវាងប្រទេសទាំងពីរក្នុងអាណត្តិរបស់អតីតឯកអគ្គរដ្ឋទូតអ៊ីតាលីកន្លងមក ជាពិសេសលើវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច ព្រមទាំងគាំទ្រដល់កម្ពុជាក្នុងការអភិវឌ្ឍវិស័យសំខាន់ៗជាច្រើន។ ឯកឧត្តមបានធ្វើការកត់សម្គាល់នូវវឌ្ឍនភាពនានាដែលក្រសួងពាណិជ្ជកម្មបាននិងកំពុងអនុវត្តក្នុងកិច្ចសម្រួលពាណិជ្ជកម្ម និងទិសដៅអាទិភាពពាណិជ្ជកម្មក្នុងការធ្វើសមាហរណកម្មសេដ្ឋកិច្ចចូលទៅក្នុងតំបន់និងពិភពលោក និងការធ្វើពិពិធកម្មទីផ្សារនាំចេញឱ្យកាន់តែធំទូលាយថែមទៀត។

ជាកិច្ចឆ្លើយតប ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានបង្ហាញសុទិដ្ឋិនិយមក្នុងការលើកទឹកចិត្ត និងទាក់ទាញពាណិជ្ជករ ធុរជន និងវិនិយោគិនអ៊ីតាលី មកទស្សនកិច្ចនៅកម្ពុជាសំដៅស្វែងយល់បន្ថែមពីសក្តានុពលពាណិជ្ជកម្ម វិនិយោគ និងធុរកិច្ចនៅកម្ពុជា ព្រមទាំងលើកទឹកចិត្តភាគីទាំងពីរបង្កើនសកម្មភាពពាណិជ្ជកម្មទ្វេភាគី ដែលជាកត្តាជួយដល់ការស្តារសេដ្ឋកិច្ចឡើងវិញ និងបង្កើនទំហំពាណិជ្ជកម្មកម្ពុជា-អ៊ីតាលី ឈានដល់កម្រិតសក្តានុពល។

គួរបញ្ជាក់ថា ទំហំពាណិជ្ជកម្មសរុបរវាងកម្ពុជានិងអ៊ីតាលី ក្នុងរយៈពេល១១ខែនៃឆ្នាំ២០២២ សម្រេចបានប្រមាណ ៤០៩,៣៤ លានដុល្លារអាម៉េរិក ជាមួយនឹងកំណើនប្រមាណ ៣៦,៦៧% បើធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។ កម្ពុជានាំចេញមុខទំនិញសំខាន់ៗទៅអ៊ីតាលីដូចជា៖ សម្លៀកបំពាក់ ស្បែកជើង និងទំនិញដទៃទៀត ហើយកម្ពុជានាំចូលមុខទំនិញសំខាន់ៗពីអ៊ីតាលីដូចជា៖ ផលិតផលធ្វើពីស្បែកសត្វ គ្រឿងសម្អាង ម៉ាស៊ីនបោកគក់(ប្រើប្រាស់ក្នុងរោងចក្រកាត់ដេរវាយនភ័ណ្ឌ) ក្រណាត់ប៉ាក់ រថយន្ត និងទំនិញដទៃទៀត៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង