សៀមរាប៖ ព្រឹត្តិការណ៍រំលឹកគុណអង្គររយៈពេល៣ថ្ងៃ នឹងចាប់ផ្តើមពីថ្ងៃទី១៤ រហូតដល់ថ្ងៃទី១៦ ក្នុងខែធ្នូ នេះ។ នៅក្នុងព្រឹត្តិការណ៍នេះ រៀបចំឡើងដើម្បីរំលឹកគុណអង្គព្រះមហាក្សត្រគ្រប់ព្រះអង្គ និងបុព្វការីជនដែលលោកបានកសាង និងថែរក្សាប្រាសាទទាំងអស់នៅក្នុងរមណីយដ្ឋានអង្គរ។ នៅក្នុងពិធីបុណ្យនេះ ក៏មានកម្មវិធីបួងសួង ពិធីរាប់បាត និងកម្មវិធីបែបសាសនាសំខាន់ៗ ផងដែរ។
ឯកឧត្តម ឡុង កុសល អគ្គនាយករងអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា តាមការគ្រោងទុកពិធីបុណ្យរំលឹកគុណអង្គរ ចំនួន៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ដល់ទី១៦ ធ្នូ ដែលមានកម្មវិធីសាសនា ស្ដង់ពិព័ណ៌ និងការសម្ដែងសិល្បៈបុរាណនៅពេលរាត្រី។
ឯកឧត្តម ឡុង កុសល បានឱ្យដឹងទៀតថា បន្ទាប់ពីកម្មវិធីបួងសួងនៅពេលព្រឹក ក៏មានពិធីរាប់បាតព្រះសង្ឃចំនួន១៣០អង្គផងដែរ។ នៅថ្ងៃបន្តបន្ទាប់ក៏មានកម្មវិធីបែបសាសនាសំខាន់ៗ ការតាំងពិព័ណ៌បង្ហាញសមិទ្ធផលការងាររយ:ពេល៣០ឆ្នាំកន្លងមករបស់អាជ្ញាធរជាតិអប្សរា ស្នាដៃសិល្បៈជាច្រើនដែលបានចុះក្នុងបញ្ជីបេតិកភណ្ឌអរូបីនៃអង្គការយូណេស្កូ ព្រមទាំងចាក់បញ្ចាំងភាពយន្តអំពីអង្គរជាដើម។
គួរបញ្ជាក់ថា នេះជាឆ្នាំទីពីរហើយ ដែលអាជ្ញាធរជាតិអប្សរាបានរៀបព្រឹតិ្តការណ៍រំលឹកគុណអង្គរនេះ។ ព្រឹត្តិការណ៍នេះ រៀបចំឡើងក្នុងគោលបំណងដើម្បីរំលឹកគុណអង្គព្រះមហាក្សត្រគ្រប់ព្រះអង្គ និងបុព្វការីជនដែលលោកបានកសាង និងថែរក្សាប្រាសាទទាំងអស់នៅក្នុងរមណីយដ្ឋានអង្គរ ដោយបានផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ជាតិមាតុភូមិតាំងពីដើមរហូតដល់សព្វថ្ងៃ៕