Yearendyearend1140x150
Img 0571

ភ្ញៀវទេសចរជាង៧១ម៉ឺននាក់ចូលទស្សនាបុណ្យសមុទ្រនៅខេត្តព្រះសីហនុរយៈពេល៣ថ្ងៃ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ព្រះសីហនុ៖ រយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី៩-១១ ខែធ្នូ ឆ្នាំ២០២២ នៃព្រឹត្តិការណ៍បុណ្យសមុទ្រលើកទី៩ ជុំទី៣ នៅខេត្តព្រះសីហនុ មានភ្ញៀវទេសចរនិងប្រជាពលរដ្ឋចូលរួមទស្សនាមានចំនួនសរុប៧១២.៦១៤នាក់ កើន២៩% បើធៀបរយៈពេល០៣ថ្ងៃ នៃពិធីបុណ្យសមុទ្រកាលពីឆ្នាំ២០១៧។ នេះបើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍។

យោងតាមរបាយការណ៍ ពីមន្ត្រីទេសចរណ៍ខេត្តព្រះសីហនុ បានគូសបញ្ជាក់ថា ក្នុងចំណោមភ្ញៀវទេសចរជាង៧១ម៉ឺននោះ មានភ្ញៀវជាតិ ៧០៨.៥៣៣នាក់ កើន ៣៣,៨ (ប្រមាណ៥០% ជាភ្ញៀវផ្ទៃក្នុងខេត្ត) និង ភ្ញៀវបរទេស ៤០៥៤នាក់ ថយចុះ ៨០%។ ភ្ញៀវទេសចរចូលតាមព្រលានយន្តហោះអន្តរជាតិមានចំនួន ៧ជើង មានភ្ញៀវសរុប ២៩១នាក់ ក្នុងនោះភ្ញៀវជាតិ ១៨នាក់ និងភ្ញៀវអន្តរជាតិ ២៧៣ នាក់។

បើតាមរបាយការណ៍ ភ្ញៀវទេសចរទៅកម្សាន្តបណ្តាកោះនានាមានភ្ញៀវសរុប ១១៧៣នាក់ ក្នុងនោះ ភ្ញៀវជាតិ ៦៦៦នាក់ និង ភ្ញៀវបរទេស៥០៧នាក់។ ភ្ញៀវទៅកម្សាន្តតាមរមណីយដ្ឋាន បណ្តាឆ្នេរ និង តន្រ្តីនានាសរុបមានចំនួន ៧១១.១២៣ នាក់ ក្នុងនោះ ភ្ញៀវជាតិមានចំនួន ៧០៧ ៨៤៩នាក់ និងភ្ញៀវបរទេស ៣២៧៤ នាក់។

ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានឱ្យដឹងថា នៅក្នុងព្រឹត្តិការណ៍បុណ្យសមុទ្រនេះ មានការសម្ដែងសិល្បៈរបស់សិល្បករជាតិ និងសិល្បករអន្តរជាតិ (ឥណ្ឌា ម៉ាឡេស៊ី ថៃ វៀតណាមជាដើម) ការសម្ដែងរបាំ និងសិល្បចម្រៀងប្រពៃណីជាដើម ជាពិសេសមានឆាកប្រគំតន្ត្រី៥ឆាកធំៗនៅតាមបណ្ដោយឆ្នេរសមុទ្រនៃក្រុងព្រះសីហនុ និងសកម្មភាពកម្សាន្តជាច្រើនទៀត ដែលបានជួយទាក់ទាញភ្ញៀវទេសចរយ៉ាងច្រើនដូច្នេះ។

នៅពេលយប់ នៅមានការសម្ដែងសិល្បៈ របាំ ចម្រៀងនៅលើឆាកធំនៃទីលានតេជោ ដែលធ្វើឡើងក្រោមអធិបតីភាពឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន និងលោកអភិបាលខេត្ត គួច ចំរើន។ ភ្ញៀវទេសចរ ក៏ដូចជាប្រជាពលរដ្ឋគឺអាចចូលទស្សនាកម្សាន្តដោយសេរី។ ក្រៅពីនេះក៏មានការតាំងពិព័រណ៍សមិទ្ធផលនានា គម្រោងអភិវឌ្ឍតំបន់ឆ្នេរ និងផលិតផលខ្មែរ ផលិតផលសហគ្រាសធុនតូចនិងមធ្យម ការតាំងពិព័រណ៍ពាណិជ្ជកម្ម និងផលិតផលបរទេស និងមហោស្រពម្ហូបអាហារនិងភេសជ្ជៈ នៅទីលាតេជោ សរុបទាំងអស់មានចំនួន៣០០ស្ដង់៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង