
ភ្នំពេញ៖ សេចក្តីព្រាងនៃកិច្ចសន្យាភាពជាដៃគូរវាងរដ្ឋ និងឯកជន នៃគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿនតភ្ជាប់ពី រាជធានីភ្នំពេញ ទៅក្រុងបាវិត ត្រូវបានពិនិត្យពិភាក្សាបញ្ចប់រួចរាល់ និងឈានទៅរកការចុះកិច្ចសន្យានាដើមឆ្នាំ២០២៣ ក្រោមអធិបតីភាពថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ កម្ពុជា-ចិន។
ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី១០ ធ្នូ បានដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យពិភាក្សាបញ្ចប់ លើសេចក្តីព្រាងនៃកិច្ចសន្យាភាពជាដៃគូរវាងរដ្ឋ និងឯកជន នៃគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿនតភ្ជាប់ពី រាជធានីភ្នំពេញ ទៅក្រុងបាវិត។
ជាលទ្ធផល បន្ទាប់ពីបានពិនិត្យពិភាក្សាបញ្ចប់រួចរាល់ ភាគីពាក់ព័ន្ធទាំងអស់បានសម្រេចឯកភាព ផ្តល់ការយល់ស្របទៅលើខ្លឹមសារនៃសេចក្តីព្រាងនៃកិច្ចសន្យាខាងលើ ហើយនឹងត្រៀមរៀបចំឱ្យបានរួចរាល់ ដើម្បីឈានទៅរកការចុះហត្ថលេខា ក្រោមអធិបតីភាពថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ កម្ពុជា-ចិន នាដើមឆ្នាំ២០២៣ខាងមុខ៕
