
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មកម្ពុជាមានជំហរយ៉ាងមុតមាំក្នុងការបន្តសហប្រតិបត្តិការជាមួយចក្រភពអង់គ្លេស ព្រមទាំងស្នើឱ្យមន្ត្រីជំនាញពាក់ព័ន្ធបន្តចូលរួមក្នុងការសហការជាបន្តបន្ទាប់ ដើម្បីបន្តពង្រឹងទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី ជាពិសេសជំរុញការតភ្ជាប់ទំនាក់ទំនងរវាងដៃគូវិស័យឯកជន និងធុរកិច្ចប្រទេសទាំងពីរឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត។ ការស្នើនេះធ្វើឡើងនាឱកាសពិភាក្សាការងាររវាងលោក ថុល ណារ៉ា អគ្គនាយករងពាណិជ្ជកម្មអន្តរជាតិ ជាមួយលោក ស្ទូវើត ក្លេតុន (Stewart Clayton) ប្រធានទទួលបន្ទុកផ្នែកពាណិជ្ជកម្មចក្រភពអង់គ្លេសប្រចាំកម្ពុជា នាថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២។
នាឱកាសនេះ ភាគីកម្ពុជាក៏បានជម្រាបជូនពីវឌ្ឍនភាពនានាដែលក្រសួងពាណិជ្ជកម្មបាននិងកំពុងអនុវត្តក្នុងកិច្ចសម្រួលពាណិជ្ជកម្ម និងទិសដៅអាទិភាពពាណិជ្ជកម្មកម្ពុជាក្នុងការធ្វើសមាហរណកម្មសេដ្ឋកិច្ចរបស់ខ្លួនចូលទៅក្នុងសេដ្ឋកិច្ចតំបន់និងពិភពលោក និងការធ្វើពិពិធកម្មទីផ្សារនាំចេញឱ្យកាន់តែធំទូលាយថែមទៀត ព្រមទាំងតម្រូវការចាំបាច់ក្នុងការកសាងមូលដ្ឋានគ្រឹះរឹងមាំសម្រាប់កំណើនពិពិធកម្មនិងភាពប្រកួតប្រជែង សំដៅស្តារឡើងវិញ និងបង្កើនភាពធន់នៃសេដ្ឋកិច្ចក្រោយវិបត្តិជម្ងឺរាតត្បាតសកលកូវីដ-១៩។
ក្រសួងបញ្ជាក់ថា ដើម្បីចាប់យកកាលានុវត្តភាពនៃពាណិជ្ជកម្មទ្វេភាគីនាពេលអនាគត ជាពិសេសលើការជំរុញទំនាក់ទំនងកាន់តែជិតស្និទ្ធិរវាងវិស័យឯកជននៃប្រទេសទាំងពីរ កិច្ចប្រជុំក៏បានពិភាក្សានិងពិនិត្យលទ្ធភាពរៀបចំអនុស្សរណៈនៃការយោគយល់គ្នារវាងកម្ពុជានិងចក្រភពអង់គ្លេស ស្តីពីការបង្កើតវេទិកាពាណិជ្ជកម្ម និងវិនិយោគរួមគ្នានាពេលខាងមុខ ដែលអនុស្សរណៈនៃការយោគយល់នេះនឹងក្លាយជាឧបករណ៍សម្រាប់តភ្ជាប់ទំនាក់ទំនង វឌ្ឍនភាពកិច្ចសហប្រតិបត្តិការ និងចែករំលែកនូវកាលានុវត្តភាពនានារវាងដៃគូធុរកិច្ចនៃប្រទេសទាំងពីរ។
គួរបញ្ជាក់ថា ទំហំពាណិជ្ជកម្មសរុបរវាងកម្ពុជា-ចក្រភពអង់គ្លេស ក្នុងរយៈពេល១១ខែដំបូងនៃឆ្នាំ២០២២ សម្រេចបានប្រមាណ ៨៣៧.៦៦ លានដុល្លារអាមេរិក ជាមួយនឹងកំណើនប្រមាណជិត ៧% បើធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១៕