ភ្នំពេញ៖ ក្រុមហ៊ុនអាកាសចរណ៍ Air Asia របស់ម៉ាឡេស៊ី នៅថ្ងៃទី០៩ធ្នូនេះ បានចុះហត្ថលេខា និងប្រកាសជាផ្លូវការបង្កើតក្រុមហ៊ុនអាកាសចរណ៍ Air Asia Cambodia។ កម្ពុជាជាប្រទេសទី៥ក្នុងតំបន់អាស៊ី ដែលមានទីស្នាក់ការរបស់ក្រុមហ៊ុន Air Asia ហើយក្រុមហ៊ុនគ្រោងចាប់ផ្តើមដំណើរការជើងហោះហើរនៅកម្ពុជាក្នុងឆ្នាំ២០២៣ខាងមុខនេះ។
ក្នុងពិធីចុះហត្ថលេខាសម្រេចវិនិយោគរួមគ្នាដើម្បីបង្កើតក្រុមហ៊ុនអាកាសចរណ៍ Air Asia Cambodia ធ្វើឡើងដោយលោក Tony Fernandes នាយកប្រតិបត្តិនៃ Capital A និង លោក Nam Vissoth នាយកក្រុមហ៊ុន Sivilai Asia នៅថ្ងៃនេះ ក្រោមអធិបតីភាព ឯកឧត្តម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ព្រមទាំងក្រុមហ៊ុនអាកាសចរ ក៏ដូចជារដ្ឋាភិបាល និងដៃគូឧស្សាហកម្មសំខាន់ៗមួយចំនួន។
ថ្លែងក្នុងពិធីនេះ លោក Tony Fernandes បានមានប្រសាសន៍ថា កម្ពុជាជាប្រទេសអាស៊ានទី៥ ដែលក្រុមហ៊ុន Air Asia កំពុងបន្តដំណើរឆ្ពោះទៅមុខជាប្រទេសឈានមុខគេ និងផ្តល់ជាចំណុចស្នូលនៃកំណើនសេដ្ឋកិច្ចសម្រាប់ប្រទេសអាស៊ាន។ ដោយសារនេះជាតំបន់ដែលក្រុមហ៊ុនដឹងច្បាស់ ហើយតភ្ជាប់បណ្តាញដ៏ធំរបស់ក្រុមហ៊ុនទៅកាន់ចំណុចសំខាន់ៗនៃប្រទេសកម្ពុជា គឺរាជធានីភ្នំពេញ សៀមរាប និងខេត្តព្រះសីហនុ។
បើតាមគម្រោងក្រុមហ៊ុន មានគម្រោងផែនការទាក់ទាញអ្នកធ្វើដំណើររួមទាំងទេសចរជាតិ និងអន្តរជាតិឱ្យបាន ៣-៤លាននាក់/ឆ្នាំ។ជំហានដំបូង គ្រោងដាក់ដំណើរការយន្តហោះចំនួន០៤គ្រឿង ដែលជាប្រភេទ Boeing A321 តភ្ជាប់គោលដៅអន្តរជាតិក្នុងតំបន់អាស៊ាន, ចិន និងឥណ្ឌា និងគោលដៅក្នុងស្រុកពីរាជធានីភ្នំពេញ-សៀមរាប-ខេត្តព្រះសីហនុ។
លោក Nam Vissoth នាយកក្រុមហ៊ុន Sivilai Asia បានថ្លែងប្រាប់អ្នកសារព័ត៌មានថា ចំពោះការវិនិយោគរួមគ្នាបង្កើតក្រុមហ៊ុនអាកាសចរណ៍ Air Asia Cambodia នេះគឺជាមោទកភាពមួយ ដែលនឹងចូលរួមក្នុងការជួយដល់កំណើនទេសចរណ៍កម្ពុជាឲ្យមានការរីកចម្រើន ក៏ដូចជាការជួយបង្កើតនូវការងារដល់ប្រជាពលរដ្ឋកម្ពុជាផងដែរ៕