ភ្នំពេញ៖ ក្រសួងសាធារណការ និង ដឹកជញ្ជូន បានអំពាវនាវដល់ពលរដ្ឋដែលកំពុងរស់នៅ ឬអ្នកដែលមានដីនៅតំបន់អភិវឌ្ឍន៍ជ្រោយចង្វារ-អរិយក្សត្រចូលរួមជាមួយអាជ្ញាធរមានសមត្ថកិច្ចក្នុងការធ្វើនីតិវិធីដោះស្រាយផលប៉ះពាល់នានា ឬកុំតម្លើងថ្លៃដី ដើម្បីសម្រួលឱ្យការអនុវត្តការសាងសង់ស្ពានឆ្លងទន្លេពីជ្រោយចង្វារ ទៅតំបន់អរិយក្សត្រ។ ការអំពាវនាវនេះធ្វេីឡេីងក្រោយគម្រោងស្ពានបានបានចុះហត្ថលេខាជាផ្លូវការនៅព្រឹកថ្ងៃទី០៩ធ្នូនេះ។
លោក ហ៊ាង សុទ្ធាយុត្តិ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រាបស៊ីស៊ីថាមស៍ថា ស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េ (ផ្សារចាស់-ជ្រោយចង្វារ, ជ្រោយចង្វារ-អរិយក្សត្រ) ដែលជាកម្ចីពីកូរ៉េមានទឹកប្រាក់ចំនួន ២៤៥,៩០៩,០០០ដុល្លារអាម៉េរិក តាមផែនការគ្រោងនឹងចាប់ផ្ដើមការសាងសង់នៅចុងឆ្នាំ២០២៣។
បើតាមអ្នកនាំពាក្យ ស្ពាននេះមានជើងសសរទម្រខ្ពស់ៗ ផ្នែកខាងលើមានសភាពកោងរត់រកគ្នាដើម្បីយិតខ្សែកាប ហើយលក្ខណៈពិសេសមួយទៀតរបស់ស្ពាននេះគឺជើងសសរទម្រនេះមានលក្ខណៈរង្វើល ដែលបានផ្ដល់ភាពងាយស្រួលដល់នាវាឆ្លងកាត់ចេញចូលក្រោមស្ពាន។
អ្នកនាំពាក្យរូបនេះបញ្ជាក់ថា កិច្ចការងារចំពោះមុខដែលរាជរដ្ឋាភិបាលកម្ពុជាត្រុវធ្វើគឺការធ្វើនីតិវិធីជាមួយនឹងរាជរដ្ឋាភិបាលកូរ៉េ ការជ្រើសរើសនូវក្រុមហ៊ុនកិច្ចសន្យាដើម្បីធ្វើការសាងសង់ក៏ដូចជាការរឿងសំខាន់មួយទៀតគឺការដោះស្រាយផលប៉ះពាល់នានា។ ស្ពាននេះ នឹងជួយសម្រួលដល់ការធ្វើចរាចរណ៍ កាត់បន្ថការកកស្ទះ ចេញចូលរាជធានីភ្នំពេញ នឹងតភ្ជាប់ទៅតំបន់អភិវឌ្ឍន៍អរិយក្សត្រ ស្វាយជ្រុំផងដែរ។
គួរបញ្ជាក់ថា ស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េ (ផ្សារចាស់-ជ្រោយចង្វារ, ជ្រោយចង្វារ-អរិយក្សត្រ) ដែលជាកម្ចីពីកូរ៉េមានទឹកប្រាក់ចំនួន ២៤៥,៩០៩,០០០ដុល្លារអាម៉េរិក គ្រោងនឹងចាប់ផ្ដើមការសាងសង់នៅចុងឆ្នាំ២០២៣ ក្រោយកម្ពុជា-កូរ៉េ បានចុះហត្ថលេខាលើគម្រោងសាងសង់ស្ពាននេះនៅព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២៕