ភ្នំពេញ៖ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានកំណត់កាលវិភាគនៃការចរចាប្រាក់ឈ្នួលកម្មករក្នុងវិស័យវយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើងសម្រាប់ឆ្នាំ២០២១ ដែលនឹងគ្រោងធ្វើឡើងពីខែកក្កដា ដល់ខែកញ្ញា ឆ្នាំ២០២០។ប៉ុន្តែការកំណត់នេះ សមាគមរោងចក្រកាត់ដេរស្នើឱ្យពន្យាការចរចា ក្រោមហេតុផលថា ម្ចាស់រោងចក្រកំពុងជួបបញ្ហាដោយសារកូវីដ១៩។
សមាគមរោងចក្រកាត់ដេរ បានគូសបញ្ជាក់ថា ស្ថិតនៅក្នុងកាលៈទេសៈបច្ចុប្បន្នដែលកម្ពុជាក៏ដូចប្រទេសនៅលើសកលលោក បាននឹងកំពុងរងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩ បណ្តាលឱ្យវិស័យមួយចំនួនជួបនូវវិបត្តិជាច្រើនដែលមិនអាចប៉ាន់ស្នានបានជាមុន។ជាក់ស្តែងនៅក្នុងផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង រោងចក្រសហគ្រាសជាច្រើនបានផ្អាកដំណើរការសកម្មភាពជាបណ្តោះអាសន្ន ខណៈមួយចំនួនផ្សេងទៀតបានសម្រេចចិត្តឈប់ដំណើរការជាស្ថាពរ ព្រោះអត់អ្នកបញ្ជាទិញ។
បើតាមសមាគមរោងចក្រកាត់ដេរ យល់ឃើញថា ការចរចាប្រាក់ឈ្នួលកម្មករសម្រាប់ឆ្នាំ២០២១ខាងមុខនេះ គួរតែពន្យាពេល ហើយប្រាក់ឈ្នួលកម្មករឆ្នាំ២០២០ គួរបន្តសុពលភាពអនុវត្តរហួតដល់វិស័យនេះអាចត្រឡប់មកវិញ។