Yearendyearend1140x150
Img 0571

កូរ៉េមានបំណងនាំចូល«ទឹកត្រីង៉ូវហេង»ទៅកាន់ទីផ្សារខ្លួនដើម្បីធ្វើជាវត្ថុធាតុដើមក្នុងការផលិតគីមឈី

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
(រូបភាព៖ ក្រសួងពាណិជ្ជកម្ម)

ភ្នំពេញ៖ សមាគមអ្នកនាំចូលកូរ៉េ (Korea Importers Association - KOIMA) បានចុះទស្សនកិច្ចស្វែងយល់អំពីខ្សែច្រវាក់ផលិតកម្មទឹកត្រីទឹកត្រីង៉ូវហេង កំពត និងផ្សារអ៊ីឆេ ង៉ូវហេង នៅក្រុងកំពត ខេត្តកំពត នាថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២២។ ទស្សនកិច្ចនេះធ្វើឡើងក្នុងគោលបំណងនាំយកនូវផលិតផលទឹកត្រី ង៉ូវហេង ចូលទៅកាន់ទីផ្សារប្រទេសកូរ៉េ ដើម្បីប្រើប្រាស់ប្រចាំថ្ងៃ និងធ្វើជាវត្ថុធាតុដើមក្នុងការផលិតគីមឈី ផងដែរ។ នេះបើតាមសេចក្ដីប្រកាសរបស់ក្រសួងពានិជ្ជកម្ម។

ក្នុងឱកាសនោះ ឯកឧត្តម ប៉ានសូរស័ក្ដិ រដ្ឋមន្រ្តីក្រសួងពាណីជ្ជកម្ម បានលើកទឹកចិត្តដល់គណៈប្រតិភូកូរ៉េ ឱ្យប្រើប្រាស់នូវកិច្ចព្រមព្រៀងពាណិជ្ជកម្មនានាដែលកម្ពុជាជាសមាជិក រួមមាន៖ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កូរ៉េ ជាពិសេសកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-កូរ៉េ (CKFTA) ដែលទើបតែចូលជាធរមាននាថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២នេះ ដើម្បីជំរុញឱ្យការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ កាន់តែកើនឡើងបន្ថែមទៀត។

លើសពីនេះ ឯកឧត្តម បានផ្ដល់អនុសាសន៍ណែនាំដល់ក្រុមហ៊ុនទឹកត្រីង៉ូវហេង សិក្សាស្វែងយល់ និងទាញយកបច្ចេកទេស បទពិសោធន៍ថ្មីៗបន្ថែមទៀត ពីខាងភាគីកូរ៉េ ដើម្បីបង្កើនគុណភាព ផលិតភាព និងស្ដង់ដារផលិតផលរបស់ខ្លួនទៅកាន់ទីផ្សារអន្តរជាតិ ផងដែរ។

ជាមួយគ្នានេះ លោក Jang Gyu-Hwa អនុប្រធានសមាគមអ្នកនាំចូលកូរ៉េ (KOIMA) បានសម្តែងនូវសេចក្តីរីករាយចំពោះដំណើរទស្សនកិច្ចមកសហគ្រាសទាំងពីរនេះ និងបានបង្ហាញពីគោលបំណងរបស់គណៈប្រតិភូ KOIMA ក្នុងការនាំយកនូវផលិតផលទឹកត្រី ង៉ូវហេង ចូលទៅកាន់ទីផ្សារប្រទេសកូរ៉េ ដើម្បីប្រើប្រាស់ប្រចាំថ្ងៃ និងធ្វើជាវត្ថុធាតុដើមក្នុងការផលិតគីមឈី ផងដែរ។ លោកបន្តថា KOIMA នឹងខិតខំប្រឹងប្រែងឱ្យអស់លទ្ធភាពដើម្បីជំរុញកិច្ចការនេះឱ្យបានឆាប់បំផុត។

ទន្ទឹមនឹងនេះឧកញ៉ា ចាន់ ស៊ីថា ស្ថាបនិក និងជាអគ្គនាយកក្រុមហ៊ុនទឹកត្រីង៉ូវហេង ក៏បានឱ្យដឹងថាមូលហេតុដែលនាំឱ្យទឹកត្រីរបស់ក្រុមហ៊ុនទឹកត្រីង៉ូវហេង ល្បីឈ្មោះបានដូចសព្វថ្ងៃ មានចំនួន៣ធំៗ រួមមាន៖ ទី១-ត្រីកាកើមដែលមានគុណភាព ទី២-អំបិលកំពតដែលមានគុណភាព និងទី៣-ការបន្ទុំបែបប្រពៃណី។ ដើម្បីក្លាយជាក្រុមហ៊ុនកែច្នៃផលិតផលម្ហូបអាហារឈានមុខគេនៅកម្ពុជា ក្រុមហ៊ុនមានបេសកកម្មក្នុងការផលិតតាមប្រពៃណីបែបទំនើបកម្ម ដែលរក្សាគុណភាព សុវត្ថិភាព និងអនាម័យខ្ពស់ដល់អ្នកប្រើប្រាស់ ហើយក្រុមហ៊ុនមានបំណងបង្កើតផលិតផល Premium ថ្មី និងផលិតផលថ្មីសម្រាប់សុខភាព ជាពិសេសពង្រឹង និងពង្រីកបន្ថែមទៀតនូវសមត្ថភាពផលិតដើម្បីបំពេញតម្រូវការទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិ ផងដែរ។

សូមជម្រាបជូនថា ផលិតផលសំខាន់ៗរបស់ក្រុមហ៊ុនទឹកត្រីង៉ូវហេងមានដូចជា៖ ទឹកត្រីង៉ូវហេងកំពត ទឹកស៊ីអ៊ីវសៀងពិសេស ទឹកម្ទេស ទឹក ប្រេងខ្យង និងទឹកសៀងពិសេស ដែលផលិតផលទាំងនេះបានដាក់លក់នៅតាមផ្សារទំនើបធំៗក្នុងប្រទេសដូចជាផ្សារទំនើបអ៊ីអន ផ្សារទំនើបឡាក់គី ផ្សារទំនើបជីបម៉ុង ផ្សារទំនើបបាយ័ន ផ្សារម៉ាក្រូ និងផ្សារទំនើបដទៃទៀត៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង