
សៀមរាប៖ ការហោះហើរពីបរទេសចូលក្នុងខេត្តសៀមរាបមានចាប់ពី១៥-១៦ជើងក្នុង១ថ្ងៃ ដែលបានដឹកជញ្ជូនភ្ញៀវទេសចរអន្តរជាតិមកជាមួយចាប់ពី១,៣០០នាក់ ទៅ១,៤០០នាក់ក្នុង១ថ្ងៃ។ កំណើនភ្ញៀវទេសចរអន្តរជាតិនេះ កើតមានឡើងក្រោយពីកម្ពុជាបានបើកឱ្យវិស័យនានានៅទូទាំងប្រទេសដំណើរការឡើងវិញ ជាពិសេសវិស័យទេសចរណ៍ដោយអនុញ្ញាតឱ្យទទួលទេសចរអន្តរជាតិឡើងវិញ ហើយនៅរយៈពេល១០ខែឆ្នាំ២០២២នេះ ខេត្តសៀមរាបទទួលបានភ្ញៀវទេសចរយ៉ាងច្រើនកុះករ។ នេះបើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍។
លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប បានឱ្យដឹងថា «ចំពោះជើងហោះហើរមកកាន់ខេត្តសៀមរាបមាន១៥-១៦ជើងក្នុង១ថ្ងៃ ដែលមានភ្ញៀវទេសចរអន្តរជាតិមានប្រមាណ១,៣០០នាក់ទៅ១,៤០០នាក់ក្នុង១ថ្ងៃ»។ លោកបានបន្តថា ចំពោះការធ្វើដំណើតាមផ្លូវគោកចូលមកខេត្តសៀមរាបមានប្រមាណ៦០០-៧០០នាក់ក្នុងមួយថ្ងៃ។
គួរបញ្ជាក់ថា ក្នុងរយៈពេល១០ខែឆ្នាំ២០២២ (មករា-តុលា) ខេត្តសៀមរាបទទួលបានទេសចរសរុបចំនួន១,៧៩២,៥៤៩នាក់ កើនឡើង៨៨៦.៣៣៥% ធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ ក្នុងនោះភ្ញៀវទេសចរជាតិមានចំនួន១,៦២៣,២០០នាក់ កើនឡើង៨៣០.៤៥% និងទេសចរអន្តរជាតិមានចំនួន១៦៩,៣៤៩នាក់ កើនឡើង២២២៤.៣០%។
បើតាមក្រសួងទេសចរណ៍ រយៈពេល១០ខែឆ្នាំ២០២២ដូចគ្នានេះ នៅទូទាំងប្រទេសកម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណជាង១.៥៧លាននាក់ កើនឡើង៩៩១% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១។ រីឯភ្ញៀវទេសចរផ្ទៃក្នុងធ្វើដំណើរកម្សាន្តក្នុងប្រទេសជាង១០.៨៦លាននាក់ កើនឡើង២៣៤% ធៀបរយៈពេលដូចគ្នាឆ្នាំ២០២១៕