
បាត់ដំបង៖ ក្រោយល្បីល្បាញពីសមិទ្ធផលក្នុងការស្រាវជ្រាវផលិតសរសៃមីចេញពីផ្លែល្ពៅបានប៉ុន្មានឆ្នាំរួចមក នៅពេលនេះ«មីល្ពៅខ្មែរ បាត់ដំបង»ប្រកាសផ្អាកដំណើរការផលិត ដោយមិនច្បាស់ថាថ្ងៃណាត្រឡប់មកវិញ។ការប្រកាសផ្អាកដំណើរការផលិតនេះ ក្រោមហេតុផលមិនអាចបង្កើតរោងចក្របាន។
យោងតាមការប្រកាសព័ត៌មានរបស់«មីល្ពៅខ្មែរ បាត់ដំបង» បានប្រកាសសុំទោសជាសាធារណៈដល់ប្រជាពលរដ្ឋខ្មែរដែរអាជីវកម្មរបស់ខ្លួនមិនអាចបន្តធ្វើចំណីអាហារដែលជួយសុខភាពបានទៀតទេ ហើយត្រូវបង្ខំចិត្តត្រូវផ្អាកមួយរយៈសិន ហើយក៏មិនច្បាស់ថាថ្ងៃណាត្រឡប់មកវិញដែរ។
បើតាមសេចក្តីប្រកាសព័ត៌មានបានសរសេរយ៉ាងដូច្នេះថា "ពេលវេលាពិតជាដើរលឿនណាស់ ខ្ញុំពិតជាសុំទោសដល់បងប្អូនទាំងអស់គ្នាខ្លាំងណាស់ ដែរខ្ញុំមិនអាចបន្តធ្វើចំណីអាហារដែលជួយសុខភាពបានទៀតទេ ខ្ញុំត្រូវផ្អាកមួយរយៈសិន ហើយក៏មិនច្បាស់ថាថ្ងៃណាត្រឡប់មកវិញដែរ។ ខ្ញុំសូមអរគុណដល់អ៊ុំពូមីងបងប្អូនដែរបានគាំទ្រខ្ញុំរហូតមក ហើយខ្ញុំសុំទោសខ្ញុំមិនអាចជួយកសិករបាន ខ្ញុំមិនអាចបង្កើតរោងចក្របាន ខ្ញុំសុំទោសបងប្អូងទាំងអស់គ្នា"។

គួរបញ្ជាក់ថា មុន«មីល្ពៅខ្មែរ បាត់ដំបង»ប្រកាសផ្អាកដំណើរការផលិត អតីតនិស្សិតបរិញ្ញាបត្រជំនាញវិទ្យាសាស្ត្រចំណីអាហារនៃសាកលវិទ្យាល័យខេត្តបាត់ដំបង លោក វ៉ាន់ គិមវ៉ាង បានទម្លាយពីឧបសគ្គជាច្រើនទាំងការសិក្សាស្រាវជ្រាវ និង ដំណើរការផលិតជាកត្តាធ្វើឲ្យលោកស៊ូដើរលើវិថីខ្លួនទីពឹងខ្លួនដោយមិនទទួលការសុំវិនិយោគឡើយ។
យុវជន លោក វ៉ាន់ គិមវ៉ាង បានប្រាប់សារព័ត៌មានថា «មូលហេតុដែលធ្វើឲ្យខ្ញុំបង្កើតមីល្ពៅនេះគឺមកពីមានព្រឹតិ្តការណ៍មួយបានកើតឡើងនៅឆ្នាំ ២០១៥ គឺកសិករយើងដាំល្ពៅដើម្បីលក់ឲ្យថៃរៀងរាល់ខែ ប៉ុន្តែស្រាប់តែនៅក្នុងខែមួយ ថៃឃើញល្ពៅយើងច្រើន គេទម្លាក់តម្លៃល្ពៅខ្មែរ ហើយពេលនោះកសិករយើងខឹងក៏បានយកល្ពៅទាំងនោះចាក់ចោលកណ្តាលផ្លូវ ហើយនេះជាហេតុដែលធ្វើឲ្យខ្ញុំខឹង និងអាណិតកសិករយើង ដែលខិតខំដាំល្ពៅហើយ តែបែរជាមិនមានតម្លៃទៅវិញ»៕
