Yearendyearend1140x150
Img 0571

កម្ពុជា-កូវ៉ែត ឯកភាពជំរុញវិស័យពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគី ឱ្យកាន់តែល្អប្រសើរ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
(រូបភាព៖ ក្រសួងពាណិជ្ជកម្ម)

ភំ្នពេញ៖ កម្ពុជា-កូវ៉ែត បានឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី ឱ្យកាន់តែល្អប្រសើរថែមទៀត ខណៈទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ សម្រេចបានប្រមាណ ៦៤ ម៉ឺនដុល្លារអាមេរិក គិតត្រឹមខែតុលាឆ្នាំ២០២២។ ការឯកភាពនេះធ្វើឡើងនាឱកាសពិភាក្សាការងាររវាងឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការ ជាមួយឯកឧត្តម Mohamad S SH S Alhajri ឯកអគ្គរាជទូតតែងតាំងថ្មីនៃរដ្ឋកូវ៉ែតប្រចំាកម្ពុជា នៅទីស្ដីការក្រសួងពាណិជ្ជកម្ម នាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២។

នាឱកាសនេះ ឯកឧត្តម កឹម ស៊ីថន បានបង្ហាញសុទិដ្ឋិនិយមថា តាមរយៈបេសកកម្មការទូតដ៏មានអត្ថន័យ ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់ភាគីទាំងពីរ កម្ពុជានិងកូវ៉ែតនឹងមានលទ្ធភាពបន្តពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ សមស្របនឹងកម្រិតទំនាក់ទំនងការទូតដ៏ឧត្តុង្គឧត្តមរបស់ប្រទេសទាំងពីរ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមឯកអគ្គរដ្ឋទូត បានគូសបញ្ជាក់ពីឆន្ទៈក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងវិស័យពាណិជ្ជកម្ម វិនិយោគ ជាពិសេសវិស័យពាក់ព័ន្ធការផ្គត់ផ្គង់ថាមពល(ប្រេងឥន្ទនៈ) ការសាសង់ផ្លូវល្បឿនលឿន និងវិស័យហិរញ្ញវត្ថុ(soft loans)។ ឯកឧត្តមឯកអគ្គរដ្ឋទូត បានស្នើឱ្យប្រទេសទាំងពីរបន្តអនុវត្ត និងប្រើប្រាស់ក្របខណ្ឌគតិយុត្តនានាឱ្យអស់ពីលទ្ធភាព និងស្នើឱ្យពិនិត្យលទ្ធភាពរៀបចំពិព័រណ៍ពាណិជ្ជកម្ម និងវេទិកាធុរកិច្ចរួមគ្នា ដែលអាចជួយបង្កើនទំហំពាណិជ្ជកម្មនិងវិនិយោគទ្វេភាគីឱ្យកាន់តែល្អប្រសើរ។

ឯកឧត្តម កឹម ស៊ីថន បានលើកទឹកចិត្តវិនិយោគិនកូវ៉ែតឱ្យចាប់យកឱកាសសេដ្ឋកិច្ចនៅកម្ពុជា តាមរយៈការបង្កើតផលិតកម្ម ការចូលរួមក្នុងខ្សែច្រវ៉ាក់ផ្គត់ផ្គង់តំបន់ ជាពិសេសបានស្នើជំរុញការនាំចូលនូវផលិតផលកម្ពុជាដែលមានគុណភាពនិងភាពប្រកួតប្រជែង រួមមាន ផលិតផលកសិកម្ម និងកសិ-ឧស្សាហកម្ម។

គួរបញ្ជាក់ថា ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-កូវ៉ែត សម្រេចបានប្រមាណ ៦៤ ម៉ឺនដុល្លារអាមេរិក គិតត្រឹមខែតុលាឆ្នាំ២០២២ លើមុខទំនិញសំខាន់ៗ ដូចជា៖ សម្លៀកបំពាក់និងវាយនភណ្ឌ, ថ្នាំជក់, ផលិតផលធ្វើដំណើរ, ម៉ាស៊ីននិងឧបករណ៍អគ្គីសនី, ប៉ូលីមែរនៃអេទីឡែន, កែវនិងវត្ថុធ្វើពីកែវជាដើម៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង