.jpg?1669785738)
ភ្នំពេញ៖ ក្រសួងទេសចរណ៍ បានស្នើឱ្យជប៉ុន ជួយជំរុញឱ្យមានជើងហោះហើរត្រង់ពីទីក្រុងតូក្យូមកទីក្រុងភ្នំពេញឡើងវិញ ក្រោយពីផ្អាកកាលពីកំលុងផ្ទុះជំងឺកូវីដ១៩ខ្លាំង។ ការស្នើបែបនេះធ្វើក្នុងឱកាសដែលលោកឯកអគ្គរាជទូត មីកាមិ ម៉ាសាហ៉ីរ៉ូ ចូលជួបជម្រាបលាឯកឧត្ដម ថោង ខុន នៅទីស្ដីការក្រសួងទេសចរណ៍ នាថ្ងៃទី២៩ វិច្ឆិកា ខណៈដែលលោកជិតដល់ពេលផុតអាណត្តិបំពេញបេសកកម្មឯកអគ្គរាជទូតជប៉ុននៅកម្ពុជា។
នាឱកាសនោះដែរ ឯកឧត្ដម ថោង ខុន បានស្នើទៅកាន់លោកឯកអគ្គរាជទូត មីកាមិ ម៉ាសាហ៉ីរ៉ូ ធ្វើយ៉ាងណាជំរុញឱ្យមានការបើកជើងហោះហើរត្រង់របស់ក្រុមហ៊ុនអាកាសចរណ៍ ANA ពីទីក្រុងតូក្យូមកទីក្រុងភ្នំពេញឡើងវិញ។ លោករដ្ឋមន្ត្រីបានបន្តថា ក្រុមហ៊ុនអាកាសចរណ៍ ANA បានផ្អាកជើងហោះហើរមកកាន់កម្ពុជាតាំងពីកំលុងផ្ទុះជំងឺកូវីដ១៩ខ្លាំង នាចុងឆ្នាំ២០១៩។
ឯកឧត្ដម ថោង ខុន បានបន្ដថា បច្ចុប្បន្នជប៉ុនបានបើកឡើងវិញនូវការហោះហើរត្រង់ទៅមកជាមួយប្រទេសមួយចំនួន ដូចជាប្រទេសថៃ វៀតណាមជាដើម ដូច្នេះលោកចង់ឱ្យជប៉ុនបន្តកិច្ចសហប្រតិបត្តិការលើវិស័យដឹកជញ្ជូននេះជាមួយកម្ពុជាឡើងវិញ ដើម្បីជំរុញកំណើនទេសចរទៅមកប្រទេសទាំងពីរ។
ជាការឆ្លើយតប ឯកអគ្គរាជទូតជប៉ុនបានឯកភាពចំពោះឯកឧត្ដម ថោង ខុន ទោះបីថាលោកចប់អាណត្តិជាឯកអគ្គរាជទូតនៅកម្ពុជាក៏ពិតមែន ប៉ុន្តែលោកនឹងបន្តខិតខំដើម្បីពង្រឹកពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អជាមួយកម្ពុជាតទៅមុខទៀត ពិសេសគឺពាក់ព័ន្ធនឹងការជំរុញជើងហោះហើរត្រង់ឡើងវិញរបស់ក្រុមហ៊ុនអាកាសចរណ៍ ANA មកកាន់កម្ពុជា។
គួរបញ្ជាក់ថា នារយៈពេល១០ខែឆ្នាំ២០២២នេះ នៅប្រទេសជប៉ុនទទួលបានភ្ញៀវទេសចរកម្ពុជាប្រមាណជាង៧,០០០នាក់ ខណៈកម្ពុជាទទួលបានភ្ញៀវទេសចរជប៉ុនប្រមាណជាង១៩,០០០នាក់ ក្នុងរយៈពេលដូចគ្នា។ តាមរយៈ ការហោះហើរត្រង់ពីទីក្រុងតូក្យូមកទីក្រុងភ្នំពេញ ក្រោយប្រទេសទាំងពីររួចផុតពីវិបត្តិធ្ងន់ធ្ងរនៃជំងឺកូវីដ១៩ នឹងមានកំណើនភ្ញៀវទេសចរដែលទៅមកប្រទេសទាំងពីរនឹងបន្តកើនឡើងថែមទៀត៕