
ភំ្នពេញ៖ កម្ពុជា-ជប៉ុន ប្ដេជ្ញាចិត្តក្នុងការបង្កើនទំនាក់ទំនងដ៏យូរអង្វែង និងការពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ សំដៅពង្រឹង ជំរុញទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ។ ការប្ដេជ្ញានេះត្រូវបានធ្វើឡើងនាឱកាសពិភាក្សាការងាររវាងឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម ជាមួយឯកឧត្តម MIKAMI MASAHIRO ឯកអគ្គរាជទូតជប៉ុនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដែលនឹងត្រូវបញ្ចប់អណត្តិ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម នាថ្ងៃទី២៩វិច្ឆិកានេះ។
នាឱកាសនោះ ឯកឧត្តម ប៉ាន សូរស័ក្ដិ បានបង្ហាញនូវការគាំទ្រចំពោះគំនិតផ្ដួចផ្ដើមទាំងឡាយរបស់ភាគីជប៉ុន ដើម្បីជំរុញគាំទ្រដល់ការលើកកម្ពស់ភាពធនរឹងមាំរបស់ច្រវ៉ាក់ផ្គត់ផ្គង់តំបន់ និងការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចិរភាព និងបរិយាបន្ន។ ក្នុងនោះដែរ ឯកឧត្តមក៏បានជំរុញ និងលើកទឹកចិត្តឱ្យមានការវិនិយោគបន្ថែម ពីសំណាក់វិនិយោគិន និងធុរជនជប៉ុនមកកាន់តំបន់អាស៊ាន ជាពិសេសមកកាន់កម្ពុជាផ្ទាល់តែម្ដង។
ឯកឧត្តម បានបញ្ជាក់ថា ឯកឧត្តមនឹងបន្តសហការយ៉ាងជិតស្និទ្ធជាមួយនឹង ឯកឧត្តមឯកអគ្គរាជទូតថ្មីរបស់ជប៉ុន ក្នុងការបន្តលើកកម្ពស់ទំនាក់ទំនងទ្វេភាគីក្រោមភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ផ្អែកលើការជឿទុកចិត្តដ៏រឹងមាំ រវាងរដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ ទៅកាន់ដំណាក់កាលថ្មីមួយទៀត និងឆ្ពោះទៅខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូត និងខួបលើកទី១០ នៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ រវាងកម្ពុជា និងជប៉ុននៅឆ្នាំ២០២៣។
ជាមួយគ្នានេះ ឯកឧត្តម MIKAMI MASAHIRO បានវាយតម្លៃខ្ពស់ផងដែរនូវកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ រវាងប្រទេសទាំងពីរ នឹងបានជឿជាក់យ៉ាងមុតមាំថា កិត្តិនាមរបស់កម្ពុជានឹងកាន់តែត្រូវបានទទួលស្គាល់ក្នុងតំបន់ និងសាកលលោក បន្ទាប់ពីការទទួលបានភាពជោគជ័យ ក្នុងការធ្វើជាប្រធានអាស៊ានក្នុងឆ្នាំនេះ។
នៅកិច្ចបញ្ចប់ ភាគីទាំងពីរបានបង្ហាញពីការប្តេជ្ញាចិត្តក្នុងការបង្កើនទំនាក់ទំនងដ៏យូរអង្វែង និងការពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ សំដៅពង្រឹង និងជំរុញទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគ រវាងប្រទេសទាំងពីរ ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត៕