
ភ្នំពេញ៖ ខណ្ឌជ្រោយចង្វារ គឺជាខណ្ឌមួយថ្មីរបស់រាជធានីភ្នំពេញដែលបំបែបខ្លួនចេញពីខេត្តកណ្តាល។កាលដើមឡើងតំបន់នេះ ប្រជាពលរដ្ឋភាគច្រើននេសាទត្រី ធ្វើស្រែចម្ការ ខណៈការអភិវឌ្ឃនានាមិនមាននោះទេ។ប៉ុន្តែប្រហែលជា២០ឆ្នាំចុងក្រោយនេះ «ខណ្ឌជ្រោយចង្វារ»ក្លាយជាតំបន់ទឹកដីមាសរបស់រាជធានីភ្នំពេញជាតំបន់មួយមានការរីកលូតលាស់យ៉ាងខ្លាំង ទាំងគម្រោងអភិវឌ្ឍទីក្រុងរណបថ្មី និង បុរីរីកដូចផ្សិត។
ជារឿងដែលមិនគួរជឿដែលខណ្ឌជ្រោយចង្វារ ធ្លាប់ជាខណ្ឌមិនសូវមានការចាប់អារម្មណ៍ពីមហាជន បាន អភិវឌ្ឃន៍ខ្លួនយ៉ាងរហ័ស និងមានសក្ដានុពលខ្លាំង ជាងតំបន់ផ្សេងៗទៀតដែលនៅរាជធានីភ្នំពេញ។បច្ចុប្បន្ន តំបន់នេះមានគម្រោងពាណិជ្ជកម្មជាច្រើន រួមទាំងគម្រោងផ្ទះរស់នៅជាច្រើនផងដែរបានផុសឡើង និង បានសាងសង់នៅជ្រោយចង្វារ។ វាបានប្រែក្លាយទៅជាតំបន់មួយ ដែលមានមនុស្សរស់នៅច្រើនកុះករជាងមុន និង ក្រុងដែលមានភាពជឿនលឿន មានគម្រោងអភិវឌ្ឃន៍រួមទាំងអាគារធំៗជាច្រើន។

យោងតាមរបាយការណ៍ពីសាលារាជធានីភ្នំពេញ កាលពី២០ឆ្នាំមុនខណ្ឌជ្រោយចង្វារ មានអាគារខ្ពស់បំផុត៣ជាន់ ហើយមិនសូវមានគម្រោងវិនិយោគច្រើននោះទេ។ប៉ុន្តែបច្ចុប្បន្ននេះ ស្ថានភាពនេះបានផ្លាស់ប្តូរទាំងស្រុង ដោយខណ្ឌជ្រោយចង្វារ មានគម្រោងអភិវឌ្ឍន៍រីកលូតលាស់យ៉ាងខ្លាំង។
បើតាមរបាយការណ៍ ខណ្ឌជ្រោយចង្វារ បច្ចុប្បន្នមានអាគារខ្ពស់ចាប់ពី៥ជាន់ដល់៩ជាន់ មានចំនួន៤៤អាគារ,ពី១០ទៅ១៩ជាន់មានចំនួន៣០អាគារ,ពី២០ទៅ២៩ជាន់ មានចំនួន៥អាគារ,ពី៣០ដល់៣៩ជាន់មាន៥អាគារ និង ៤០ជាន់ឡើងមាន៣អាគារ សរុបពី៥ជាន់ដល់៤០ជាន់មានចំនួន៨៧អាគារ។
លោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ បានហៅការរីកចម្រើនរបស់ខណ្ឌជ្រោយចង្វារ គឺដោយសារនយោបាយសន្តិភាពរបស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ហើយលោកបានចាត់ទុកខណ្ឌជ្រោយចង្វារ គឺជាខណ្ឌសម័យតេជោ។
ក្រៅពីជាតំបន់មានសក្ដានុពលខ្លាំង ក្នុងការអភិវឌ្ឍន៏ផ្នែកពាណិជ្ជកម្ម ខណ្ឌជ្រោយចង្វារក៏ជាតំបន់ដ៏ល្អសម្រាប់ការរស់នៅ។ មានចំនួនអ្នកស្នាក់នៅជនជាតិបរទេសជាច្រើន បានវិនិយោគលើខុនដូ ឬអាផាតម៉ិនលក់ នៅជ្រោយចង្វារគឺមានតម្លៃខ្ពស់បើធៀបជាមួយខណ្ឌផ្សេងៗក្នុងទីក្រុងភ្នំពេញផងដែរ៕

