
ព្រះសីហនុ៖ នៅក្នុងសប្ដាហ៍ទី៤ នៃខែវិច្ឆិកា ឆ្នាំ២០២២នេះ ភ្ញៀវទេសចរដែលចូលទៅលេងកម្សាន្តក្នុងខេត្តព្រះសីហនុមានចំនួន ១៨១.៥៣៩នាក់ ដែលចំនួននេះកើនឡើង ៩,៧៧%។ នេះបើតាមរបាយការណ៍ដែលផ្ដល់ដោយលោក តាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ។
លោក តាំង សុចិត្តគ្រឹស្នា បានបញ្ជាក់ថា ក្នុងនោះភ្ញៀវជាតិមានចំនួន ១៧៦.៤៨៣នាក់ កើនឡើង ១០,១៤% និងភ្ញៀវបរទេសសរុបមានចំនួន ៥.០៥៦នាក់ ថយចុះ ១,៩៤%។ ចំណែកភ្ញៀវចូលតាមព្រលានយន្ត ហោះចំនួន ១៤ជើង ស្មើនឹងសប្តាហ៍មុន មានភ្ញៀវសរុប ៧១០នាក់ ថយចុះ ២,៣៤% ក្នុងនោះ ភ្ញៀវជាតិ ៣៦នាក់ថយចុះ ១៤,២៩% និងភ្ញៀវអន្តរជាតិ ៦៧៤នាក់ ថយចុះ ៧,៤១%។
ដោយឡែក ភ្ញៀវទេសចរទៅកម្សាន្តតាមបណ្តាកោះនានាសរុបមានចំនួន ១.៩៧៦នាក់ ថយចុះ ០,៥៥% ក្នុងនោះភ្ញៀវជាតិ ៨៧៤នាក់ ថយចុះ ៩,០៥% និងភ្ញៀវបរទេស ១.១០២នាក់ កើនឡើង ៧,៤១%។ រីឯភ្ញៀវតាមបណ្តាឆ្នេរ និងរមណីយដ្ឋាននានាសរុប ១៧៨.៨៥៣នាក់ កើនឡើង ៩,៩៥% ក្នុងនោះភ្ញៀវជាតិ ១៧៥.៥៧៣នាក់ កើនឡើង ១០,២៦% និង ភ្ញៀវបរទេស ៣.២៨០នាក់ ថយចុះ ៤,៧៦%៕

