Yearendyearend1140x150

កម្ពុជានឹងនាំប្រតិភូអន្តរជាតិជាង១២០នាក់ទៅទស្សនកិច្ចនៅគោលដៅទេសចរណ៍តំបន់ឆ្នេរ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
(រូបភាព៖ ក្រសួងទេសចរណ៍)

ព្រះសីហនុ៖ កម្ពុជាគ្រោងរៀបចំទស្សនកិច្ចជូនប្រតិភូអន្តរជាតិដែលមកចូលរួម «សន្និបាតក្លិបឆ្នេរសមុទ្រដែលស្អាតជាងគេលើសាកលលោក» ទៅកាន់គោលដៅឆ្នេរសមុទ្រកោះ និងសហគមន៍អេកូទេសចរណ៍មួយចំនួននៅតំបន់ឆ្នេរសមុទ្រកម្ពុជា ដើម្បីបង្អួតគោលដៅទេសចរណ៍កម្រិតខ្ពស់របស់ខ្លួន និងផ្សព្វផ្សាយទៅកាន់ពិភពលោកនាព្រឹត្តិការណ៍ដ៏ធំនេះ ហើយកម្ពុជានឹងនាំប្រតិភូអន្តរជាតិជាង១២០នាក់ទៅទស្សនកិច្ចនៅគោលដៅទេសចរណ៍តំបន់ឆ្នេរ។ នេះបើតាមសេចក្ដីប្រកាសរបស់ក្រសួងទេសចរណ៍ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២។

បើតាមសេចក្ដីប្រកាស សន្និបាតឆ្នេរសមុទ្រដែលស្អាតជាងគេលើសាកលលោកនេះនឹងធ្វើឡើងចាប់ពីថ្ងៃទី៩-១៤ ខែធ្នូ ឆ្នាំ២០២២ អមជាមួយពិធីបុណ្យសមុទ្រនៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលគ្រោងនឹងទទួលប្រតិភូអន្តរជាតិសរុបជាង១២០នាក់នៅទូទាំងពិភពលោក។

នាឱកាសនោះ ឯកឧត្ដម ជុក ជំនោរ ប្រធាននាយកដ្ឋានជំរុញផលិតផលទេសចរណ៍ នៃក្រសួងទេសចរណ៍ បានលើកឡើងអំពីគោលដៅសំខាន់ៗដែលគ្រោងនឹងរៀបចំទស្សនកិច្ចជូនប្រតិភូអន្តរជាតិខាងលើ ក្នុងនោះរួមមានដូចជាកោះរ៉ុង កោះឋានសួគ៌ កោះសង្សារ កោះក្របី កោះឫស្សី សហគមន៍អេកូទេសចរណ៍ពាមក្រសោប នៅខេត្តកោះកុង ក៏ដូចជាឆ្នេរសមុទ្រនានានៅខេត្តព្រះសីហនុផងដែរ។

ឯកឧត្ដម ជុក ជំនោរ បានបន្តថា ប្រតិភូដែលបានបញ្ជាក់ថានឹងចូលរួមក្នុងសន្និបាតក្លិបឆ្នេរសមុទ្រដែលស្អាតជាងគេលើសកលលោកនេះ គឺមានមកពីប្រទេសវៀតណាម ថៃ ចិន ជប៉ុន កូរ៉េខាងត្បូង ហ្វីលីពីន អ៉ីស្រាអែល បារាំង អេស្ប៉ាញ ព័រទុយហ្កាល់ កាណាដា ប្រេស៉ីល ម៉ារ៉ុក កូតឌីវ័រ ម៉ូសំប៊ិក សេណេហ្កាល់ អង់ហ្គោឡា និងប្រទេសក្នុងតំបន់សមុទ្រការីបង់ (Caribbean Sea)។

ទណ្ទឹមនឹងនេះ ឯកឧត្ដម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានផ្ដល់សារសំខាន់ថា «ក្នុងដំណាក់កាលស្ដារវិស័យទេសចរណ៍ក្រោយវិបត្តិជំងឺកូវីដ១៩ គឺមានតែគោលដៅឆ្នេរសមុទ្រ កោះ និងសហគមន៍អេកូទេសចរណ៍នេះទេ ដែលដើរតួសំខាន់ក្នុងការទាក់ទាញនិងទទួលភ្ញៀវទេសចរបានច្រើន»។ កាលណាកម្ពុជារៀបចំទស្សនកិច្ចទៅកាន់គោលដៅទេសចរណ៍ទាំងនោះបានល្អ នោះនឹងជួយផ្សព្វផ្សាយពីគោលដៅទេសចរណ៍កម្ពុជាទាំងមូលយ៉ាងប្រសើរបំផុត ពីព្រោះក្លិបឆ្នេរសមុទ្រដែលស្អាតជាងគេនៅលើសាកលលោកគឺមានសមាជិក មានប្រព័ន្ធផ្សព្វផ្សាយច្រើនណាស់ ហើយក៏ដូចជាទីភ្នាក់ងារមួយក្នុងការផ្សព្វផ្សាយ ណែនាំ ចង្អុលបង្ហាញទៅកាន់ភ្ញៀវទេសចរបានមានប្រសិទ្ធភាព បានន័យថា ប្រសិនបើក្លិបឆ្នេរនេះផ្សព្វផ្សាយពីគោលដៅទេសចរណ៍ទៅកាន់ភ្ញៀវទេសចរ នោះនឹងជួយបង្កើនការចូលមកទស្សនាប្រទេសកម្ពុជាកាន់តែច្រើនទៀត ពោលគឺឱកាសនេះគឺជាឱកាសពិសេសខ្លាំងណាស់សម្រាប់វិស័យទេសចរណ៍កម្ពុជា៕



ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង