
ភ្នំពេញ៖ គ្រួសារកសិករខ្មែរជាង១លានគ្រួសារ អាចនឹងមានជីវភាពល្អប្រសើរវិញ បើសំណើទាំង១២ចំណុចសម្រាប់ការពិភាក្សាលើការរៀបចំឲ្យមានគម្រោង «សង្វាក់ផលិតកម្ម និងទីផ្សារស្រូវអង្ករកម្ពុជា»ត្រូវបានអនុវត្ត។ ការលើកយកសំណើទាំង១២នេះមកអនុវត្តគឺដើម្បីជួយឱ្យកសិករដែលមានសមត្ថភាពផលិតស្រូវដែលមានគុណភាពល្អសម្រាប់ផ្គត់ផ្គង់ទីផ្សារទទួឡបានតម្លៃសមរម្យ ជាមួយតម្លៃដើមទាប និងធ្វើឱ្យរោងម៉ាស៊ីនកិនស្រូវទទួលបានស្រូវល្អក្នុងតម្លៃសមរម្យ សម្រាប់កែច្នៃលក់មកកាន់ទីផ្សារក្នុងស្រុក និងក្រៅប្រទេស។ នេះជាការលើកឡើងរបស់លោកបណ្ឌិត យ៉ង សាំងកុមារ ថ្នាក់ដឹកនាំគណបក្សប្រជាធិបតេយ្យមូលដ្ឋានដែលជាអ្នកជំនាញផ្នែកវិស័យកសិកម្មល្បីល្បាញមួយរូបនៅកម្ពុជា។
លោកបណ្ឌិត យ៉ង សាំងកុមារ បានលើកឡើងថា គ្រួសារកសិករខ្មែរដែលភាគច្រើនបំផុតជាកសិករអ្នកធ្វើស្រែកំពុងជួបការលំបាកជាច្រើន ហើយបាននាំមកនូវផលប៉ះពាល់អវិជ្ជមានដល់សង្គមជាតិកម្ពុជាទាំងមូល។ ដូចនេះកម្ពុជាត្រូវការសហការគ្នាដើម្បីចូលរួមដោះស្រាយបញ្ហាកសិករតាមគោលការណ៍ទុក្ខវេទនារបស់កសិករជាទុក្ខវេទនារបស់ជាតិទាំងមូល ដោយក្នុងនោះលោកបណ្ឌិតបានលើកយកសំណើចំនួន១២ ចំណុច ដែលត្រូវពិភាក្សានិងទទួលឯកភាពជាផ្លូវការពីរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាផលិតកម្មនិងទីផ្សារស្រូវអង្ករ ដើម្បីចូលរួមជាមួយរដ្ឋាភិបាលធ្វើកិច្ចការនេះ។
សំណើទាំង១២ចំណុចនោះមានដូចជា៖ពង្រឹង និងពង្រីកការស្រាវជ្រាវផលិត និងផ្គត់ផ្គង់គ្រាប់ពូជស្រូវសុទ្ធល្អដល់កសិករ (ពូជដែលមានតម្រូវការខ្ពស់លើទីផ្សារ), បណ្ដុះបណ្ដាល ណែនាំ និងផ្ដល់យោបល់ដល់កសិករ ជាពិសេសលើការប្រើប្រាស់ពូជ ធាតុចូល និងការគ្រប់គ្រងក្រោយពេលប្រមូលផល, រៀបចំឲ្យមានប្រព័ន្ធគ្រប់គ្រងទិន្នន័យកសិករអ្នកផលិតស្រូវ, រៀបចំឲ្យមាន និងពង្រឹងសហគមន៍កសិករអ្នកផលិតនៅតាមភូមិ ឃុំ, រៀបចំឲ្យមានប្រព័ន្ធទិន្នន័យរោងម៉ាស៊ីនស្រូវ ដោយសហការណ៍ជាមួយ CRF, សម្របសម្រួលឲ្យមានការសហការណ៍ និងកិច្ចសន្យារវាងសហគមន៍កសិករនិងរោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុនជំនួញស្រូវអង្ករ, កំណត់ស្តង់ដារ និងយន្តការត្រួតពិនិត្យ និងបញ្ជាក់គុណភាពស្រូវ និងការកំណត់តម្លៃអប្បបរមាស្រូវតាមប្រភេទពូជ, ធ្វើការជាមួយធនាគារកសិកម្ម និងអភិវឌ្ឍន៍ជនបទ និងស្ថាប័នហិរញ្ញវត្ថុនានា ដើម្បីបង្កើនទុនដល់រោងម៉ាស៊ីន ក្រុមហ៊ុនជំនួញស្រូវអង្ករ និងសហគមន៍កសិករ, រៀបចំឲ្យមានគណៈកម្មាធិការដឹកនាំគម្រោង (Project Steering Committee) នៅក្រោមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ការទទួលខុសត្រូវលើការអនុវត្តគម្រោង, រៀបចំឲ្យមានប្រព័ន្ធត្រួតពិនិត្យ និងវាយតម្លៃគម្រោងដោយមានការចូលរួមពីភាគីពាក់ព័ន្ធ, និង ប្រើប្រាស់ថវិកាជាតិ និងថវិកាមកពីដៃគូអភិវឌ្ឍន៍នានា ដើម្បីអនុវត្តគម្រោងនេះ។
លោកបណ្ឌិតបញ្ជាក់ថា បើសិនការអនុវត្តសំណើទាំង១២ ចំណុចខាងលើនេះទទួលបានជោគជ័យនោះរដ្ឋាភិបាល និងភាគីពាក់ព័ន្ធអាចជួយដោះស្រាយបញ្ហាជូនគ្រួសារកសិករខ្មែរជាង១លានគ្រួសារបានល្អប្រសើរ។ លោកបនណ្ឌិតបន្ថែមថា ក្រៅពីចំណុចទាំង១២នេះក៏មានចំណុចពាក់ព័ន្ធសំខាន់ៗផ្សេងទៀតដូចជាធារាសាស្រ្ត គ្រឿងយន្តកសិកម្មជាដើម។ សូមបញ្ជាក់ថាកម្ពុជាត្រូវការពេលយ៉ាងតិចបំផុត៥ ឆ្នាំដើម្បីអនុវត្តន៍ផែនការនេះបានទូទាំងប្រទេស៕