ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា បានស្នើដល់អភិបាលរាជធានីខេត្តទាំងអស់ ឱ្យយកចិត្តទុកដាក់ណែនាំពង្រឹង សេវាសង្គ្រោះបន្ទាន់ក្នុងមន្ទីរពេទ្យ សេវាដឹកអ្នករបួសដោយគ្រោះថ្នាក់ចរាចរណ៍ និងដឹកសព ដែលមិនតម្រូវឲ្យបង់ថ្លៃឡើយ។នេះជាការស្នើសុំម្តងហើយម្តងទៀតរបស់ក្រសួងសុខាភិបាលកម្ពុជា ក្រោយពីពិនិត្យឃើញថាករណីដណ្តើមជនរងគ្រោះក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នៅតែបន្តកើតមានបែបអនាធិបតេយ្យ។
យោងតាមលិខិតមួយច្បាប់របស់ក្រសួងសុខាភិបាល ប្រគល់ជូនដល់អភិបាលរាជធានីខេត្តទាំងអស់ បានអះអាងថា ករណីរថយន្តសង្គ្រោះបន្ទាន់ដឹកអ្នករងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ដោយមិនតម្រូវឱ្យបង់ថ្លៃសេវា និងរួមទាំងរថយន្តដឹកសព (ស្លាប់ក្នុងមន្ទីរពេទ្យ ឬដោយគ្រោះថ្នាក់ចរាចរណ៍) ដឹកពីមន្ទីរពេទ្យ ឬកន្លែងគ្រោះថ្នាក់ចរាចរណ៍ទៅកាន់លំនៅដ្ឋានសព។
បើតាមក្រសួង កន្លងមកមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី-ខេត្តទាំងអស់ ក៏បានធ្វើការណែនាំដល់មន្ទីរពេទ្យ មណ្ឌលសុខភាព ដើម្បីសហការគ្នា ពង្រឹងសេវារថយន្តសង្គ្រោះបន្ទាន់ ជាពិសេសសម្រាប់អ្នករងគ្រោះថ្នាក់ចរាចរណ៍ បាក់បែកឆ្អឹង ហូរឈាម ឬសន្លប់ត្រូវការសង្គ្រោះអាយុជីវិត ដើម្បីចូលរួមចំណែកកាត់បន្ថយអត្រាស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍។