Cc time web banner 054637

ក្រសួងទេសចរណ៍ដាក់ឱ្យដំណើរការជាផ្លូវការ នូវកម្មវិធីអភិវឌ្ឍន៍ជំនាញដំណាក់កាលទីពីរ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/
ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍

បាត់ដំបង៖ ក្រសួងទេសចរណ៍ នៅថ្ងៃទី២៤ វិច្ឆិកា បានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ នូវកម្មវិធីអភិវឌ្ឍន៍ជំនាញ ដំណាក់កាលទីពីរ (២០២០-២០២៤) និងកម្មវិធីបណ្ដុះបណ្ដាលបដិសណ្ឋារកិច្ច ហូកា សម្រាប់ខេត្តបាត់ដំបង។ កម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកិច្ច ធ្វើដោយឥតគិតថ្លៃ ដែលអាចឲ្យបុគ្គលិកនៅក្នុងវិស័យទេសចរណ៍ ពង្រឹងគុណភាពសេវាកម្មឲ្យបានកាន់តែល្អប្រសើរ និងបង្កើនប្រាក់ចំណូលផងដែរ។

ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការគ្រប់គ្រងគម្រោង ហូកា បានមានប្រសាសន៍ថា កន្លងមកកម្មវិធីបណ្តុះបណ្តាលនេះបានធ្វើការបណ្តុះបណ្តាលអ្នកជំនាញទេសចរណ៍សរុបចំនួនប្រមាណ ៣.០០០រូប ចាប់ពីឆ្នាំ២០១៧ ដល់២០២១ នៅតាមខេត្តគោលដៅភូមិភាគឥសាន្តរួមមាន ខេត្តក្រចេះ ស្ទឹងត្រែង ព្រះវិហារ រតនគិរី និងមណ្ឌលគិរី ហើយបច្ចុប្បន្នបានពង្រីកការបណ្តុះបណ្តាលមកកាន់ខេត្តចំនួន ៥ទៀតនៅជុំវិញបឹងទន្លេសាបដូចជាខេត្ត ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ និងឧត្តរមានជ័យ។

លោក ជួប រតនា ប្រធាននាយកដ្ឋានផែនការអភិវឌ្ឍន៍ទេសចរណ៍ បានឲ្យដឹងថា ការដាក់បញ្ចូលខេត្តបាត់ដំបងទៅក្នុងគោលដៅគម្រោងសម្រាប់ការបណ្តុះបណ្តាលបដិសណ្ឋារកិច្ចនេះ ដើម្បីជំរុញលើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍ក្នុងខេត្ត ឲ្យបានកាន់ល្អប្រសើរតាមរយៈការពង្រឹងសមត្ថភាពវិជ្ជាជីវៈរបស់បុគ្គលិក ដែលសម្រាប់ឆ្នាំ២០២៣ខាងមុខនេះគម្រោងនឹងផ្តល់ការបណ្តុះបណ្តាលដល់គ្រូបង្គោលចំនួន ៦០រូប និងអ្នកជំនាញទេសចរណ៍ចំនួន៣៥០នាក់ លើជំនាញសេវាកម្មម្ហូបអាហារនិងភេសជ្ជៈ ការិយាល័យជួរមុខ គេហកិច្ច និងជំនាញឆុងកាហ្វេ។

លោក Christain Volker Ide ប្រធានកម្មវិធីអភិវឌ្ឍន៍ជំនាញនៃអង្គការ ស្វីសខនថាក់

លោក Christain Volker Ide ប្រធានកម្មវិធីអភិវឌ្ឍន៍ជំនាញនៃអង្គការ ស្វីសខនថាក់ បានថ្លែងថា ខេត្តបាត់ដំបង ជាគោលដៅថ្មីរបស់កម្មវិធីអភិវឌ្ឍន៍ជំនាញដែលអង្គការ ស្វីសខន់ថាក់ កំពុងយកចិត្តទុកដាក់ ក្នុងការផ្តល់នូវច្រកសិក្សាជំនាញវិជ្ជាជីវៈដល់យុវជន យុវនារី និងអ្នកជំនាញកម្រិតទាបក្នុងខេត្ត ដើម្បីទទួលបាលឱកាសការងារ និងបង្កើនប្រាក់ចំណូលសមរម្យ ក៏ដូចជាចូលរួមពង្រឹងសមត្ថភាពមន្ត្រីជំនាញមន្ទីរទេសចរណ៍ ដើម្បីមានមូលដ្ឋានធនធានគ្រូបង្គោលសម្រាប់និរន្តភាពការបណ្តុះបណ្តាលបដិសណ្ឋារកិច្ចក្នុងខេត្តបាត់ដំបងផងដែរ។

គួរបញ្ជាក់ថា កម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកិច្ចកម្ពុជា (HoKa) ជាសមាសធាតុមួយរបស់កម្មវិធីអភិវឌ្ឍន៍ជំនាញ (SDP) ដែលទទួលបានការគាំទ្រថវិកាពីទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការ (SDC) អនុវត្តគម្រោង ដោយអង្គការ ស្វីសខន់ថាក់ ដោយគាំទ្រក្រសួងទេសចរណ៍តាមរយៈគណៈកម្មការគ្រប់គ្រងគម្រោង ហូកា ដើម្បីធ្វើការបណ្តុះ បណ្តាលជំនាញបដិសណ្ឋារកិច្ចដល់យុវជន យុវនារី អ្នកជំនាញកម្រិតទាប ម្ចាស់អាជីវកម្ម និងសហគមន៍ទេសចរណ៍ នៅខេត្តចំនួន ១០នៅភូមិភាគឥសាន្ត និងជុំវិញបឹងទន្លេសាប។


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង