
ភ្នំពេញ៖ ក្រុមហ៊ុន Doppelmayr Group ដែលជាក្រុមហ៊ុនធំមួយនៅអឺរ៉ុប មានជំនាញច្បាស់លាស់លើវិស័យដឹកជញ្ជូនសាធារណៈដោយកន្រ្តកខ្សែកាប(Cable Car) ដែលមានប្រសិទ្ធភាពខ្ពស់សម្រាប់ការដឹកជញ្ជូនអ្នកដំណើរ ចាប់អារម្មណ៍វិនិយោគលើវិស័យដឹកជញ្ជូននៅកម្ពុជា និងបានធ្វើបទបង្ហាញពីការដឹកជញ្ជូនដោយ“កន្រ្តកខ្សែកាប” ជូនក្រសួងសាធារណការ និងដឹកជញ្ជូន។ ការធ្វើបទបង្ហាញនេះត្រូវបានធ្វើឡើងនាឱកាសពិភាក្សាការងាររវាងឯកឧត្ដម តូច ចាន់កុសល រដ្ឋលេខាធិការប្រចាំការក្រសួងសាធារណការ ជាមួយលោក Peter Vogelmann នាយកផ្នែកលក់អន្តរជាតិតំណាងក្រុមហ៊ុន Doppelmayr Group កាលពីថ្ងៃទី២៣វិច្ឆិកានេះ។
នាឱកាសនោះ តំណាងក្រុមហ៊ុនDoppelmayr Group បានធ្វើបទបង្ហាញពីសាវតា ក៏ដូចជា សកម្មភាពប្រតិបត្តិការរបស់ក្រុមហ៊ុនចាប់តាំងពីពេលកកើតរហូតមកដល់បច្ចុប្បន្ន និងគម្រោងនានា ដែលក្រុមហ៊ុនបាន និងកំពុងអនុវត្តនៅតាមបណ្តាប្រទេសជាច្រើនជុំវិញពិភពលោកទាំងក្នុងតំបន់អាស៊ី និងអឺរ៉ុប ហើយចំណុចសំខាន់ដែលបានលើកយកមកបង្ហាញនៅក្នុងជំនួបនេះគឺគុណសម្បត្តិនៃការជ្រើស យកការដឹកជញ្ជូនដោយ“កន្រ្តកខ្សែកាប” (Cable Car) មកបម្រើឱ្យវិស័យដឹកជញ្ជូនសាធារណៈនៅក្នុង តំបន់ទីក្រុង ទីប្រជុំជន និងតំបន់ទេសចរណ៍នានា។
បន្ថែមពីលើនេះ តំណាងក្រុមហ៊ុន ក៏បានបង្ហាញពីចំណាប់អារម្មណ៍របស់ខ្លួនលើវិស័យដឹកជញ្ជូនសាធារណៈនៅក្នុងប្រទេសកម្ពុជា ជាពិសេសនៅភូមិសាស្ត្ររាជធានីភ្នំពេញផ្ទាល់ ដែលមាននិន្នាការ ងាកទៅរកការដឹកជញ្ជូនរួមមួយ ប្រកបដោយនិរន្តភាព(Sustainability) និងការគិតគូរដល់បរិស្ថាន(Environmental Friendly)។
ទន្ទឹមនឹងនេះ ឯកឧត្តម តូច ចាន់កុសល បានបង្ហាញចំណាប់អារម្មណ៍លើគម្រោងដែល ក្រុមហ៊ុនលើកយកមកបង្ហាញ និងបានគូសបញ្ជាក់ពីវិស័យដឹកជញ្ជូនសាធារណៈ ដែលក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងខិតខំប្រឹងប្រែងគិតគូរ និង ស្វែងរកដៃគូអភិវឌ្ឍន៍ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងទីក្រុង និងទីប្រជុំជនឱ្យកាន់តែប្រសើរឡើងថែមទៀតផងដែរ។
ឯកឧត្តមបានបញ្ជាក់ថា ក្រសួងបានធ្វើការសិក្សា លើគម្រោងអភិវឌ្ឍន៍វិស័យដឹកជញ្ជូនសាធារណៈនៅក្នុងទីក្រុង ក៏ដូចជាកំពុងស្វែងរកដៃគូវិនិយោគបន្ថែមដើម្បីអភិវឌ្ឍវិស័យនេះឱ្យកាន់តែមានភាពរីកចម្រើន ក្នុងនាមជាប្រទេសដែលកំពុងអភិវឌ្ឍមួយក្នុងតំបន់។
សូមបញ្ជាក់ថា ក្រុមហ៊ុន Doppelmayr Group គឺជាក្រុមហ៊ុនធំមួយនៅអឺរ៉ុប មានជំនាញក្នុង រៀបចំផែនការ អភិវឌ្ឍ រចនា ផលិត សាងសង់ និងគាំទ្រគម្រោងច្នៃប្រឌិត ដែលទាក់ទងនឹងវិស័យដឹក ជញ្ជូនសាធារណៈ ដោយកន្រ្តកខ្សែកាប(Cable Car) ដែលមានប្រសិទ្ធភាពខ្ពស់សម្រាប់ការដឹកជញ្ជូន អ្នកដំណើរ ប្រកដោយបទពិសោធន៍ និងការច្នៃប្រឌិតខ្ពស់៕



