កណ្ដាល៖ ជនដែលឆក់កាបូប បណ្ដាលឲ្យក្មេងស្រីម្នាក់ដួលចូលក្រោមរថយន្ដ ហើយត្រូវរថយន្ដកិនស្លាប់ នៅស្រុកស្អាង ខេត្តកណ្ដាលនោះ ត្រូវកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំសហការស្រាវជ្រាវបង្ក្រាបបានហើយ នៅថ្ងៃទី២០ វិច្ឆិកា វេលាម៉ោង១៦:៤៥នាទី។
ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានធ្វេីការបង្រ្កាប និងឃាត់ខ្លួនជនសង្ស័យឈ្មោះ សុខឃឿន សុីផាត ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិតាលន់ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល ពាក់ព័ន្ធករណី លួចមានស្ថានទម្ងន់ទោស ចំណែកអ្នកបេីកម៉ូតូឈ្មោះ ផា សុភ័ណ្ឌ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិតាលន់ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល (គេចខ្លួន)។
បន្ទាប់ពីធ្វើការជាត់ខ្លួនហើយ កម្លាំងជំនាញការិយាល័យបានដកហូតម៉ូតូចំនួន០១គ្រឿង ម៉ាកហុងដាឌ្រីម C125 ពណ៌ខ្មៅ ផ្លាកលេខកណ្ដាល 1-AB 6159 និង ប្រគល់ជនសង្ស័យ ជូនកម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដេីម្បីចាត់ការតាមនីតិវិធី ចំណែកបក្ខពួកឈ្មោះ ផា សុភ័ណ្ឌ កំពុងបន្តធ្វេីការស្រាវជ្រាវ ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី១៩ ខែវិច្ឆិកា វេលាម៉ោង១៦:៣០នាទី ជនរងគ្រោះឈ្មោះ ស៊ឹម រស្មី ភេទស្រី អាយុ៣២ឆ្នាំ ជនជាតិខ្មែរ បានបើកបរម៉ូតូឌុបកូនស្រីឈ្មោះ អារីកា អាយុ០៤ឆ្នាំ លុះពេលធ្វើដំណើរមកដល់ចំណុចបណ្តោយផ្លូវជាតិលេខ២១ ភូមិដេីមព្រីង ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល ក្នុងទិសដៅពីត្បូងទៅជើង ស្រាប់តែមានជនសង្ស័យឈ្មោះ ផា សុភណ្ឌ័ (អ្នកបើកម៉ូតូ) និងឈ្មោះ សុខខឿន សុផាត (ជិះពីក្រោយ) បានធ្វើសកម្មភាពឆក់កាបូប ពីជនរងគ្រោះឈ្មោះ ស៊ឹម រស្មី បណ្ដាលឱ្យដួលម៉ូតូជនរងគ្រោះ ហេីយខ្ទាតជនរងគ្រោះឈ្មោះ អារីកា ចូលទៅក្រោមរថយន្តកិនស្លាប់នៅនឹងកន្លែងកើតហេតុតែម្ដង។ ក្រោយពីធ្វេីសកម្មភាពរួច ជនសង្ស័យបានបេីកម៉ូតូគេចខ្លួន ។