Eqm5 on ads news
Photo 2022 10 27 10.25.28
Photo 2022 10 27 15.04.39
Jetour
Cct 01
Website cc time banner

បារាំងផ្ដល់កម្ចី១២លានដុល្លារដល់កម្ពុជាដើម្បីសាងសង់សាលាវិជ្ជាជីវៈទេសចរណ៍

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
(រូបភាព៖ ក្រសួងទេសចរណ៍)

ភ្នំពេញ៖ ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍(AFD) បានចូលរួមអភិវឌ្ឍន៍វិស័យទេសចរណ៍កម្ពុជា ដោយបានផ្ដល់កម្ចីហិរញ្ញប្បទាន ចំនួន១១ លានអឺរ៉ូ (ប្រហែល១២ លានដុល្លារ)ដល់គម្រោងសាងសង់សាលាវិជ្ជាជីវៈទេសចរណ៍ (VST) ចំនួនពីរទីតាំង គឺនៅភ្នំពេញ និងខេត្តព្រះសីហនុ។ ការផ្ដល់កម្ចីនេះត្រូវបានធ្វើឡើងនៅក្នុងឱកាសពិភាក្សាការងាររវាងឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជាមួយលោកស្រី Boucher Sandrine ដែលទទួលបានការតែងតាំងជានាយិកាទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍(AFD) នៅទីស្ដីការក្រសួងទេសចរណ៍ កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២។

នាឱកាសនោះ ឯកឧត្តម ថោង ខុន បានថ្លែងអំណរគុណដល់ AFD ដែលបានជួយចូលរួមអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ជាពិសេស បានផ្ដល់ហិរញ្ញប្បទានឥតសំណង ១,៥លានអឺរូ ដល់ ការពង្រឹងសមត្ថភាពពាណិជ្ជកម្មក្នុងវិស័យទេសចរណ៍ (TCBP)និងផ្តល់កម្ចីហិរញ្ញប្បទាន ចំនួន១១ លានអឺរ៉ូ (ប្រហែល១២ លានដុល្លា)ដល់គម្រោងសាងសង់សាលាវិជ្ជាជីវៈទេសចរណ៍ (VST)ចំនួនពីរទីតាំង គឺនៅភ្នំពេញ និងខេត្តព្រះសីហនុ។

ទន្ទឹមនឹងនេះ លោកស្រីនាយិកា ក៏បានកោតសរសើរដល់ប្រទេសកម្ពុជាដែលមានធនធានវប្បធម៌ បេតិកភ័ណ្ឌពិភពលោកទាំងរូបី អរូបី មានធនធានធម្មជាតិសម្បូរបែប ជាពិសេសមានប្រជាជនកម្ពុជាដែលមានភាពរួសរាយរាក់ទាក់ មានបដិសណ្ឋាកិច្ចល្អប្រពៃ ដែលទាំងនេះគឺជាសក្តានុពលដ៏ថ្លៃថ្លាសម្រាប់ការអភិវឌ្ឍន៍ និងជឿជាក់ថាវិស័យទេសចរណ៍កម្ពុជានឹងងើបឡើងយ៉ាងឆាប់រហ័ស។

លោកស្រី បានបញ្ជាក់ថា AFD នឹងបន្តគាំទ្រដល់ការបណ្តុះបណ្តាល ពង្រឹងសមត្ថភាពទាំងស្ថាប័ន និងបុគ្គលិកក្នុងវិស័យទេសចរណ៍ ដូចករណីការបង្កើតសាលាជាតិវិជ្ជាជីវៈទេសចរណ៍នៅភ្នំពេញ និងនៅខេត្តព្រះសីហនុ ហើយ AFD អាចនឹងបន្តជួយក្នុងការបង្កើតសាលាជាតិនេះនៅតាមបណ្តាខេត្តសក្តានុពលដទៃទៀត។

គួរបញ្ជាក់ថា សាលាជាតិវិជ្ជាជីវៈទេសចរណ៍ គ្រោងនឹងបើកការដ្ឋានសាងសង់សាលាជាតិវិជ្ជាជីវៈទេសចរណ៍ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ នេះបើតាមសេចក្ដីប្រកាស៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង