Yearendyearend1140x150

ភ្ញៀវទេសចរចំនួន១លាន៦សែននាក់បានហោះហើរមកកម្ពុជាក្នុងរយៈពេល១០ខែនៃឆ្នាំ២០២២

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិលកម្ពុជា

ភ្នំពេញ៖ ក្នុងរយៈពេល១០ខែនៃឆ្នាំ២០២២នេះ(ចាប់ពីខែមករាដល់ខែតុលា) ចំនួនភ្ញៀវទេសចរដែលធ្វើដំណើរមកកម្ពុជាតាមផ្លូវអាកាសមានសរុបចំនួន១លាន៦សែននាក់ ហើយនៅរយៈពេលដូចគ្នានៃឆ្នាំ២០២១មានភ្ញៀវទេសចរហោះហើរត្រឹមតែជាង១៩ម៉ឺននាក់តែប៉ុណ្ណោះ។ នេះបើតាមប្រសាសន៍ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិល បានប្រាប់ស៊ីស៊ីថាមស៍។

ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា បានប្រាប់ស៊ីស៊ីថាមស៍នៅថ្ងៃនេះថា សម្រាប់ខែតុលា ឆ្នាំ២០២២នេះ ចំនួនភ្ញៀវដែលហោះហើរចេញ-ចូល អាកាសយានដ្ឋានទាំងបីរបស់កម្ពុជាមានចំនួនសរុបជាង ២៧ម៉ឺន៥ពាន់នាក់ កើនឡើងចំនួន ១៦៣៥% បើគិតក្នុងរយៈពេលដូចគ្នានៃឆ្នាំ២០២១ដែលមានចំនួនតែជាង១ម៉ឺន៥ពាន់នាក់តែប៉ុណ្ណោះ។ ក្នុងចំណោមអាកាសយានដ្ឋានទាំងបីនេះ អាកាសយានដ្ឋានអន្ដរជាតិភ្នំពេញទទួលបានចំនួនភ្ញៀវច្រើនជាងគេ។

ឯកឧត្តមបន្តថា រីឯជើងហោះហើររបស់កម្ពុជានៅក្នុងខែតុលា ឆ្នាំ២០២២នេះ មានចំនួន ៣១៥៥ជើង មានកំណើន២៦៤% បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២១ដែលមានត្រឹមតែ៨៦៧ជើង។ គិតមកត្រឹមខែតុលា ឆ្នាំ២០២២នេះ(១០ខែ) ចំនួនជើងហោះហើរដែលកម្ពុជាទទួលបានសរុបមានចំនួនជាង២ម៉ឺនជើង កើនឡើងជាងនៅឆ្នាំ២០២១ដែលមានត្រឹមតែជាង៨ពាន់ជើងតែប៉ុណ្ណោះ។

ចំពោះតម្លៃសំបុត្រឆ្នាំ២០២២នេះមានការឡើងថ្លៃបន្ដិចបន្ដួច ឬកើនឡើងចន្លោះពី៣០%-៣៥%នៃតម្លៃសំបុត្រកាលពីឆ្នាំ២០១៩ ដោយសារតម្លៃប្រេងឡើងថ្លៃ និងដោយសាររដូវកាលនេះជារដូវកាលដែលមានពិធីបុណ្យច្រើនផងដែរ។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា។

ឯកឧត្តមបញ្ជាក់ថា ចំណែកការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសសម្រាប់ខែតុលាឆ្នាំ២០២២នេះ មានចំនួន៤១៥៤តោនធ្លាក់ចុះ៤១% បើធៀបនឹងការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសកាលពីឆ្នាំ២០២១ដែលមានរហូតដល់៧១១៣តោន។ ដោយឡែក ក្រុមហ៊ុនដែលបានតភ្ជាប់ជើងហោះហើរជាមួយកម្ពុជានាពេលកន្លងទៅកបច្ចុប្បន្ននេះក៏បានបន្ថែមជើងហោះហើរជាមួយកម្ពុជាយ៉ាងច្រើនបន្តបន្ទាប់ផងដែរ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង