
ឥណ្ឌូនេស៊ី៖ អ្នកស្រី Peng Liyuan ភរិយាប្រធានាធិបតីចិន Xi Jinping បានជួបជាមួយជំទាវទីមួយឥណ្ឌូណេស៊ីអ្នកស្រី Iriana Joko Widodo នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ីកាលពីរសៀលថ្ងៃពុធ។នៅពេលអ្នកស្រី Peng មកដល់ យុវជនក្នុងតំបន់បានលេងភ្លេងស្វាគមន៍ជាមួយ Gamelan ដែលជាឧបករណ៍ភ្លេងប្រពៃណីរបស់ឥណ្ឌូនេស៊ី។
ភរិយារបស់ស៊ីជិនពីង អ្នកស្រី Peng បានទស្សនាការសម្តែងវប្បធម៌ និងសិល្បៈប្រពៃណីឥណ្ឌូនេស៊ី ក៏ដូចជាការតាំងពិពណ៌ផលិតផលសិប្បកម្មផងដែរ។ ក្មេងស្រីក្នុងស្រុកស្លៀកពាក់សំលៀកបំពាក់ពិធីបុណ្យបានសម្តែង "របាំ Pendet" ប្រពៃណីរបស់កោះបាលីដើម្បីស្វាគមន៍ភ្ញៀវកិត្តិយស។ អ្នកស្រី Peng បានជជែកជាមួយពួកគេយ៉ាងស្និទ្ធស្នាល ហើយបានសាទរចំពោះក្រណាត់សូត្រដែលធ្វើដោយដៃជាមួយនឹងលក្ខណៈបាលីថាល្អប្រណិត។
ភិរិយាមេដឹកនាំទាំងពីរបានភ្លក់តែក្រអូប ជជែកគ្នាអំពីជីវិតគ្រួសារ និងរីករាយជាមួយតន្ត្រី។ លោកស្រីបានថ្លែងនូវការសាទរយ៉ាងខ្លាំងដល់ភរិយាមេដឹកនាំឥណ្ឌូនេស៊ី ចំពោះសុខុមាលភាពសាធារណៈ និងបានរៀបរាប់ប្រាប់លោកស្រីអំពីគោលនយោបាយសកម្ម និងសមិទ្ធិផលរបស់ប្រទេសចិនក្នុងការព្យាបាល និងបង្ការជំងឺរបេង និងមេរោគអេដស៍ ដោយលោកស្រីសង្ឃឹមថា ប្រទេសទាំងពីរនឹងពង្រឹងការផ្លាស់ប្តូរផ្នែកសុខុមាលភាពសាធារណៈ និងរួមគ្នាលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន និងសុខុមាលភាព។
មុនពេលចាកចេញ និស្សិតនៅវិទ្យាស្ថានខុងជឺទេសចរណ៍នៃសាកលវិទ្យាល័យ Udayana របស់ឥណ្ឌូនេស៊ីនៅកោះបាលី ស្លៀកពាក់សំលៀកបំពាក់ប្រជាប្រិយបានច្រៀងជាភាសាចិននូវបទចម្រៀងឥណ្ឌូនេស៊ី Bengawan Solo ថែមទៀតផង ។
អ្នកស្រី ប៉េង បានសរសើរសិស្សានុសិស្សដែលច្រៀងបានពិរោះរណ្តំ និងថ្លែងអំណរគុណដល់អ្នកលេងឧបករណ៍ភ្លេងសម្រាប់អមដំណើរ។ សិស្សមួយចំនួនស្រែកដោយក្តីស្រលាញ់ថា "ជំរាបសួរអ្នកម៉ាក់ ប៉េង !" ហើយនាងបានឆ្លើយតបដោយរីករាយ។ អ្នកស្រី Peng បានសួរនិស្សិតអំពីការសិក្សា និងជីវិតរបស់ពួកគេ លើកទឹកចិត្តពួកគេឱ្យបន្តខិតខំប្រឹងប្រែងរៀនភាសាចិន និងបានស្វាគមន៍យុវជនឥណ្ឌូនេស៊ីកាន់តែច្រើនមកទស្សនាប្រទេសចិន សិក្សាវប្បធម៌ចិន និងក្លាយជាបេសកជននៃកិច្ចសហប្រតិបត្តិការចិន-ឥណ្ឌូនេស៊ី៕