ក្វាងចូវ៖ ផ្លែមៀនស្រស់របស់ប្រទេសកម្ពុជាចំនួនប្រមាណ ៣៣៨តោន កាលពីថ្ងៃទី ១៥ វិច្ឆិកា បានដឹកទៅដល់ប្រទេសចិនជាលើកដំបូង និង ទទួលបានទទួលស្គាល់គុណភាពពីអគ្គរដ្ឋបាលគយនៃប្រទេសចិន។ការដឹកផ្លែមៀនទៅដល់ប្រទេសចិនជាលើកទី១ពេលនេះ ធ្វើឡើងក្រោយពីកម្ពុជា បានសម្ពោធជាផ្លូវការនៃការនាំចេញផ្លែមៀនស្រស់កម្ពុជាទៅកាន់ទីផ្សារចិន កាលនៅថ្ងៃទី ២៧ ខែតុលា។
ផ្លែមៀនស្រស់របស់កម្ពុជា ប្រមាណ៣៣៨តោន បានដឹកទៅដល់ច្រកកំពង់ផែក្វាងចូវ ណានសា នៃប្រទេសចិន កាលពីថ្ងៃទី ១៥ វិច្ឆិកា ហើយបានឆ្លងកាត់ការត្រួតពិនិត្យគុណភាពពីអគ្គនាយករដ្ឋបាលគយនៃប្រទេសចិន។ក្រោយមានការត្រួតពិនិត្យរដ្ឋបាលគយចិន បានទទួលគុណភាពលើផ្លែមៀនកម្ពុជា និង អនុញ្ញាតឱ្យលក់បាននៅក្នុងទីផ្សារប្រទេសចិន។នេះបើយោងតាមចុះផ្សាយរបស់សារព័ត៌មានចិន China News Service។
វត្តមានផ្លែមៀនស្រស់កម្ពុជាលើទីផ្សារប្រទេសចិនលើកទី១ពេលនេះ អាចជាសមិទ្ធផលថ្មីបន្ថែមទៀតរបស់កម្ពុជា ជាពិសេស វិស័យកសិកម្ម ដើម្បីបើកទីផ្សារកាន់តែធំសម្រាប់លក់នូវផលិតផលកសិកម្មរបស់ខ្លួនទៅក្រៅប្រទេសដោយមិនពឹងតែទីផ្សារក្នុងស្រុក។
ផ្លែមៀន គឺជាកសិផលប្រភេទទី៣របស់កម្ពុជា ដែលត្រូវបានអនុម័តនាំចេញទៅប្រទេសចិន។ចំការមៀន ទទួលបានការអនុម័ត ចុះបញ្ជីជាផ្លូវការនាំចេញទៅកាន់ទីផ្សារចិនមានចំនួន៧៤ នោះ ក្នុងនៅខេត្តប៉ៃលិនចំនួន ៤០ចំការ បាត់ដំបងចំនួន២៨ ចំការ និងបន្ទាយមានជ័យចំនួន៦ចំការ។ ដោយឡែក រោងចក្រវេចខ្ចប់ចំនួន ៨ រួមមាននៅខេត្តកណ្តាលចំនួន ១ ខេត្តបាត់ដំបងចំនួន៣ ខេត្តប៉ៃលិនចំនួន២ និងខេត្តព្រះសីហនុចំនួន២។
កម្ពុជា និងចិន បានចាត់ទុកការនាំផ្លែមៀនទៅទីផ្សារចិនពេលនេះ កើនចេញពីកិច្ចសហប្រតិបត្តិការ ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ រវាងប្រទេសទាំងពីរ ដែលនឹងចូលរួមចំណែកយ៉ាងសំខាន់ ដល់ការអភិវឌ្ឍវិស័យកសិកម្មកម្ពុជា៕