
ភ្នំពេញ៖ ក្នុងសប្តាហ៍ទី២ ថ្ងៃទី៧-១៣ ខែវិច្ឆិកា ឆ្នាំ២០២២ ភ្ញៀវទេសចរទូទាំងប្រទេសមានចំនួន២,៧២៤,៤៩១នាក់ ក្នុងនោះភ្ញៀវជាតិ២,៦៦៦,៦៨៤នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង៥៧,៨០៧នាក់។ តួលេខនេះ បានរាប់បញ្ចូលផងដែរនូវចំនួនភ្ញៀវទេសចរប្រមាណ២.៥៧លាននាក់ នាឱកាសឈប់សម្រាករយៈពេល៣ថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូក កាលពីថ្ងៃទី៧-៩ ខែវិច្ឆិកា ឆ្នាំ២០២២។ នេះបើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍។
បើតាមរបាយការណ៍ គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖ខេត្តព្រះសីហនុ ៦៣២,៤៧៦នាក់, ខេត្តកំពត ៦១១,៩៩១នាក់, ខេត្តសៀមរាប ៣៤៥,១៥២នាក់, ខេត្តកំពង់ស្ពឺ ២៤១,៤៧០នាក់, ខេត្តត្បូងឃ្មុំ ២៣៤,៤៦៣នាក់, ខេត្តបាត់ដំបង ១០៨,៨៤៥នាក់, និង ខេត្តកែប ១០៧,៧៣១នាក់។
របាយការណ៍បញ្ជាក់ថា ដើម្បីអបអរសាទរព្រះរាជ្យពិធីបុណ្យអុំទូក បណ្តារដ្ឋបាលខេត្តមួយចំនួនបានរៀបចំពិធីបុណ្យអុំទូកក្នុងអំឡុងខែតុលា និងខែវិច្ឆិកា រួមជាមួយការតាំងពិព័រណ៍ ការប្រគុំតន្រ្តី និងកម្មវិធីកម្សាន្តសប្បាយនានាដែលបានទាក់ទាញភ្ញៀវទេសចរជាច្រើន៕