Yearendyearend1140x150

កម្ពុជា-អូស្រ្ដាលីពង្រឹងកិច្ចសហប្រតិ្តការលើគ្រប់វិស័យដើម្បីរក្សាប្រយោជន៍រវាងប្រទេសទាំងពីរ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
(រូបភាព៖ ក្រសួងពាណិជ្ជកម្ម)

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មកម្ពុជា កាលពីថ្ងៃទី១៣វិច្ឆិកានេះ បានចូលរួមខួបលើកទី៧០ នៃទំនាក់ទំនងទ្វេភាគីកម្ពុជា-អូស្ត្រាលី ពិធីសម្ភោធការតាំងពិព័រណ៍ Songline ដែលបានរៀបចំឡើងដោយស្ថានទូតអូស្ត្រាលី ប្រចាំប្រទេសកម្ពុជា។ ពិធីនេះ ធ្វើឡើងក្នុងបំណងដើម្បី អបសាទរខួបលើកទី៧០ នៃទំនាក់ទំនងទ្វេភាគីរវាងប្រទេសកម្ពុជា និងអូស្ត្រាលី និងដើម្បីលើកកម្ពស់ និងពង្រឹងកិច្ចសហប្រតិ្តការលើគ្រប់វិស័យ សំដៅរក្សាបាននូវឧត្តមប្រយោជន៍ទៅវិញទៅមករវាងប្រទេសទាំងពីរ។

បើតាមសេចក្តីប្រកាសរបស់ក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធានកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានឆ្នាំ២០២២ បានអញ្ជើញចូលរួមក្នុងពិធីសម្ភោធការតាំងពិព័រណ៍ Songline និងខួបលើកទី៧០ នៃទំនាក់ទំនងទ្វេភាគីកម្ពុជា-អូស្ត្រាលី ដែលបានរៀបចំឡើងដោយស្ថានទូតអូស្ត្រាលី ប្រចាំប្រទេសកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន ជាមួយ ឯកឧត្តម Anthony Albanese នាយករដ្ឋមន្រ្តីនៃប្រទេសអូស្រ្តាលី និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំនៃ ក្រសួង-ស្ថាប័ន តំណាងអង្គទូត និងធុរជន នៃប្រទេសទាំងពីរជាច្រើនរូប។

សូមជម្រាបជូនថា ប្រទេសអូស្ត្រាលី បានចូលរួមចំណែកយ៉ាងសំខាន់នៅដំណាក់កាលដំបូងក្នុងដំណើរការសន្តិភាពរបស់កម្ពុជានៅចុងទសវត្សរ៍ឆ្នាំ១៩៨០ ជាមួយនឹងតួនាទីនាំមុខរបស់អូស្រ្តាលីក្នុងបេសកកម្មអ៊ុនតាក់ ហើយការងារបោសសម្អាតមីនត្រូវបានចាប់ផ្តើមពីការផ្តួចផ្តើម ឧត្តមសេនីយ៍ John Sanderson និងរាជរដ្ឋាភិបាលកម្ពុជា។

សេចក្ដីប្រកាសបញ្ជាក់ថា តាមរយៈគម្រោង Clearing for Results អូស្ត្រាលី គឺជាអ្នកផ្តល់ជំនួយដ៏ធំ និងបានចូលរួមកាត់បន្ថយផ្ទៃដីមានមីនប្រមាណជាង ២៥០ គីឡូម៉ែត្រការ៉េ សម្រាប់ការផ្តល់ដីសុវត្ថិភាពសម្រាប់ការសាងសង់លំនៅដ្ឋាន សាលារៀន មន្ទីរពេទ្យ ផ្លូវថ្នល់ ស្ពាន ប្រព័ន្ធធារាសាស្រ្ត និងកសិកម្ម ជូនដល់ប្រជាជនជាង១លាននាក់។

លើសពីនេះ រយៈពេល ៣០ឆ្នាំនេះ អូស្ត្រាលីបានបរិច្ចាគថវិកាជាង ១០០លានដុល្លារ និងបានរួមចំណែកកាត់បន្ថយយ៉ាងច្រើននៃអ្នកស្លាប់ដោយសារគ្រាប់មីន។ នេះបើតាមសេចក្ដីប្រកាស៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង